ភ្នំពេញ៖ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានធ្វើការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នាក្រុមហ៊ុន T.Y Media ដើម្បីអភិវឌ្ឍ លើវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជា ឲ្យមានសក្តានុពលកាន់តែខ្លាំងក្នុងកម្រិតជាតិ កម្រិតតំបន់ និងជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខនេះ។
ក្នុងឱកាសពិធីចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នានៅសាលប្រជុំក្រសួងព័ត៌មាន ដោយមានអញ្ជើញចូលរួមពីសំណាក់ លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា លោក លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក ធី វ៉ាយ អគ្គនាយកក្រុមហ៊ុន T.Y Media។
លោក ធី វ៉ាយ បាននិយាយថា ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នានេះ នឹងជួយក្នុងការរៀបចំការប្រកួតកីឡាអេឡិចត្រូនិក គ្រប់វិញ្ញាសាទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ព្រមទាំងរៀបចំកន្លែង បណ្តុះបណ្តាលកីឡាករ-កីឡាការិនី កីឡាអេឡិចត្រូនិកថែមទៀតផង។ ក្រុមហ៊ុនគ្រោង និងសហការជាមួយសហព័ន្ធរៀបចំ ការបណ្តុះបណ្តាលកីឡាករ កីឡាការិនីជម្រើសជាតិយើង ដោយប្រើកម្មវិធី System Training Sibo ពីអន្តរជាតិឲ្យមានសមត្ថភាពកាន់តែខ្លាំង ក្នុងការចូលរួមប្រកួតលើឆាកអន្តរជាតិ ដើម្បីដណ្តើមមេដាយជូនជាតិមាតុភូមិ។
ក្រុមហ៊ុន T.Y Media នឹងព្យាយាមស្វែងដៃគូសហការ (Sponsor) បន្ថែមទៀតសម្រាប់ជួយគាំទ្រ ដល់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីឲ្យមានការប្រកួតកាន់តែច្រើន សម្រាប់ប្អូនកីឡាករ-កីឡាការិនីទទួលបាន ភាពសប្បាយរីករាយផង និងបង្កើនសមត្ថភាពផង។
លោក ជា ច័ន្ទបរិបូរណ៍ បានមានប្រសាសន៍ថា ក្នុងនាមប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីរំភើបរីករាយក្រៃលែង និងសូមថ្លែងអំណរអរគុណយ៉ាងធំធេងបំផុត ចំពោះក្រុមហ៊ុន T.Y Media ក្នុងការសហការ និងបង្កើនការអភិវឌ្ឍលើវិស័យកីឡាអេឡិចត្រូនិក នៅប្រទេសកម្ពុជា ឲ្យមានសក្តានុពលកាន់តែខ្លាំង ក្នុងកម្រិតជាតិ កម្រិតតំបន់ និងជាពិសេសព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕ ដោយ៖លី ភីលី