ភ្នំពេញ៖ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក លន់ សាមឌី អនុប្រធានតំណាងឲ្យលោកស្រី ស៊ុំ សុខា ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា បានអញ្ជើញចូលរួមប្រកាសបើកព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានស្តាតចាស់ ក្រោមការសហការរវាងក្រសួងអប់ររំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ឱបកម្ពុជា។
សម្រាប់ការប្រកួតជើងឯកឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនីចូលរួមចំនួន ១០ ក្រុមក្នុងនោះក្រុមឈុតធំបុរសចំនួន ៥ក្រុម និងក្រុមនារី ចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបក្រសួងការពារជាតិ នារី ក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិប អនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិអាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបងនារីអាយុក្រោម១៦ឆ្នាំ។
រីឯក្រុមឈុតធំបុរសចំនួន ៥ក្រុម រួមមានក្រុមកីឡាបាល់ឱប សមាគមន៍កីឡាកងយោធាពលខេមភូមិន្ទ នៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ។
លោក លន់ សាមឌីបានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះមានក្រុមចូលរួមច្រើនជាងរាល់ឆ្នាំ ដោយសារយើងក្រុមកីឡាបាល់ឱបស្រ្តីវ័យក្មេង (ថ្នាល) ក្រោមអាយុ១៦ឆ្នាំនារីជាទិសដៅក្នុងការអភិឌ្ឍនធនធានមនុស្សតាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ព្រមទំាងត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា និងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ ។
លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ លោក YUSUKE HORIE សញ្ជាតិជប៉ុនមកពីអង្គការចៃការ និងគ្រូឧទ្ទេសវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម បាល់ឱប ឆ្នាំ២០២២ “The training course of the Abitrator-Judge (2022)”បានមកជួយធ្វើជាអាជ្ញាកណ្តាល ចៅក្រមដើម្បីបង្រៀនយើងបន្ថែមទៀតដល់មន្រ្តីអាជ្ញាកណ្តាល ចៅក្រមរបស់សហព័ន្ធទៀតផង៕ ដោយ៖លី ភីលីព