ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីចំបាប់កម្ពុជា ដណ្តើមមេដាយមាសចំនួន ៣ គ្រឿងចំណោមមេដាយសរុប ១៩ គ្រឿងក្នុងនាមម្ចាស់ផ្ទះ ព្រឹត្តិការណ៍ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ក្នុងបរិវេណសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មុនការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលប្រទេសកម្ពុជាម្ចាស់ផ្ទះ ។

ប្រទេសកម្ពុជា ដណ្តើមបានមេដាយសរុប១៩ រួមមានមេដាយមាស ៣ គ្រឿង ប្រាក់៣ គ្រឿង និងសំរឹទ្ធ១៣ គ្រឿង ខណៈវៀតណាម ឈ្នះមេដាយ សរុប៣០ មេដាយមាស១៨ ប្រាក់១១ និងសំរឹទ្ធ១ នាំមុខឥណ្ឌូនេស៊ី មេដាយសរុប១៨ មាស៦ ប្រាក់៩ និងសំរឹទ្ធ៣ ។ ចំណែក ហ្វីលីពីន មេដាយសរុប១១ មាស១ ប្រាក់៥ និងសំរឹទ្ធ៥ នាំមុខថៃ មេដាយសរុប៩ មាស១ ប្រាក់២ និងសំរឹទ្ធ៦ រីឯសិង្ហបុរី មេដាយសរុប៣ មាស១ និងសំរឹទ្ធ២ និងឡាវពុំទទួលបានមេដាយឡើយ ។

ការប្រកួតនេះមាន ៧ ប្រទេសរួមមាន ម្ចាស់ផ្ទះ កម្ពុជា ឡាវ សិង្ហ បុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ និង វៀតណាម ក្នុងវិញ្ញាសាដាក់ឲ្យប្រកួត រួមមាន៖ វិញ្ញាសាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ ចំបាប់សេរីនារី ១០ប្រភេទទម្ងន់ និងចំបាប់សេរីបុរស ១០ប្រភេទទម្ងន់៕



