ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ លោក តែម ម៉ឺន នាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិក កម្ពុជា និងលោកស្រី ស៊ុំ សុខា ប្រធានសហព័ន្ធកីឡា បាល់ឱបកម្ពុជា បានអញ្ជើញចូលរួមប្រកាសបិទព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ឱប 7s ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នៅពហុកីឡដ្ឋានស្តាតចាស់ ក្រោមការសហការ រវាងក្រសួងអប់ររំ យុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ឱបកម្ពុជា ។

លោក ពេជ្រ រតនា អគ្គលេខាធិការ សហព័ន្ធបានប្រាប់ឲ្យដឹងថា សម្រាប់ការប្រកួតជើងឯកឆ្នាំនេះ មានក្រុមកីឡាករ-កីឡាការិនី ចូលរួមចំនួន ១០ ក្រុមក្នុងនោះក្រុមឈុតធំបុរសចំនួន ៥ក្រុម និងក្រុមនារី ចំនួន ៥ក្រុម ចំណែកក្រុមនារីចែកចេញជា ២ក្រុមទៀត គឺក្រុមកីឡាបាល់ឱបក្រសួងការពារជាតិ នារី ក្រុមកីឡាបាល់ ឱបស្រ្តីផ្កាឈូក (មកពីក្លិបក្របីព្រៃ) និងក្រុមកីឡាបាល់ឱប អនន្ត នារី (មកពីក្លិប អនន្ត) និង២ក្រុមទៀត គឺក្រុមកីឡាបាល់ ឱបស្រ្តីផ្កាឈូក ស៊ីសុវត្ថិអាយុក្រោម ១៦ឆ្នាំ និងក្រុមកីឡាបាល់ឱបបាត់ដំបង នារីអាយុក្រោម១៦ឆ្នាំ។

រីឯក្រុមឈុតធំ បុរសចំនួន ៥ក្រុម រួមមានក្រុមកីឡាបាល់ឱបសមាគមន៍ កីឡាកងយោធាពលខេមភូមិន្ទ នៃក្រសួងការពារជាតិ ក្រុមកីឡាបាល់ ឱបក្លិបក្របីព្រៃ ក្រុមកីឡាបាល់ឱបគោជល់ ក្រុមកីឡាបាល់ឱបអនន្ត និងក្រុមកីឡាបាល់ឱបស៊ីសុវត្ថិ ។
វិញ្ញាសាក្រុមកីឡាបាល់ ឱប (ប្រុសឈុតធំ) មេដាយមាសបានទៅលើ សមាគមន៍កងយោធពលខេមរភូមិន្ទ មេដាយប្រាក់ បានទៅលើក្រុមកីឡា បាល់ឱបក្របីព្រៃ និងមេដាយសំរិទ្ធ បានទៅលើក្រុមកីឡាបាល់ឱបព្រះស៊ីសុវត្ថិ។ វិញ្ញាសាក្រុមកីឡាបាល់ឱបនារីអាយុក្រោម២០ឆ្នាំ ក្រុមកីឡាបាល់ឱបក្របីព្រៃ ទទួលបានចំណាត់ថ្នាក់លេខ១ និងក្រុមកីឡាបាល់ឱបនារីអាយុក្រោម១៦ឆ្នាំ ក្រុមកីឡាបាល់ឱបផ្កាឈូក ព្រះស៊ីសុវត្ថិ ចំណាត់ថ្នាក់លេខ១ ។

លោកស្រី ស៊ុំ សុខា បានមានប្រសាសន៍ថា លោកស្រីសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតឆ្នាំនេះ និងក្រុមកីឡាករ-កីឡាការិនីទំាង១០ ក្រុមដែលបានចូលរួមប្រកបដោយការប្រកួតល្អប្រសើរ និងគោពរច្បាប់ការប្រកួត ។ លោកស្រីសំឡេងឃើញឆ្នាំនេះមានក្រុមកីឡាបាល់ឱបស្រ្តីវ័យក្មេង (ថ្នាល) ក្រោមអាយុ១៦ឆ្នាំ នារីជាទិសដៅក្នុងការអភិឌ្ឍនធនធានមនុស្ស តាមបណ្តាខេត្តនៅទូទាំងប្រទេសកម្ពុជា ព្រមទំាងត្រៀមខ្លួន សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2025 លើកទី៣៣ នៅប្រទេសថៃ៕
