ភ្នំពេញ ៖ ការប្រកួតកីឡា វាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២មានកីឡាករ-កីឡាការិនី ចូលរួមចំនួន៤៩នាក់ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២២ នៅទីលានហ្វឹកហាត់ របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ អូឡាំពិក រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា រៀបចំដោយសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា ។

លោក ជា ពៅ អគ្គលេខាធិការរង នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ កីឡាករ-កីឡារិនីមកពីក្លិបកីឡាវាយកូន បាល់ខេត្តសៀមរាប ក្លិបកីឡាវាយកូនបាល់ខេត្តព្រៈវិហារ ក្លិបកីឡាវាយកូនបាល់ខេត្តកណ្តាល ក្លិបកីឡាវាយកូនបាល់សេដ្ឋកិច្ច ក្លិបកីឡាវាយកូនបាល់ក្រសួងការពារជាតិ និងក្លិបកីឡាវាយកូនបាល់ឌីវិនកូ ។

លោកបានបន្តថា ឆ្នាំនេះសហព័ន្ធបានដាក់៤វិញ្ញាសា គឺវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាវាយគូបុរស និងវិញ្ញាសាវាយគូនារី៕


