កីឡា

សម្តេចពិជ័យសេនា ទៀ បាញ់​ អញ្ជើញជាអធិបតីភាព ប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភី SEA GAMES 2021

ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ជ័យលាភី នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី ៣១ នាប្រទេសវៀតណាម នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២២ ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្លួន ខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណជូនចំពោះ សម្តេចពិជ័យសេនា បានចំណាយ ពេលដ៏មានតម្លៃ និងមមាញឹក ជួបសំណេះសំណាល ជាមួយមន្ត្រី គ្រូបង្វឹក គ្រូជំនួយ និងជ័យលាភី SEA GAMES 2021 លើកទី៣១ នាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងស្រលាញ់ វិស័យកីឡា ទំាងទឹកចិត្ត មនោសញ្ចេតនា និង កាយវិការសម្តេច ជាការផ្ដល់កម្លាំងចិត្តដល់ មន្ត្រី គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ខិតខំ ប្រឹងប្រែងបន្ថែមទៀត ឆ្ពោះទៅ SEA GAMES 2023 ។

រដ្ឋមន្ត្រីក្រសួងអប់រំបានបន្តថា អង្គពិធីទាំងមូល អំពីលទ្ធផល និង ជ័យលាភី ដែលកីឡាករ កីឡាការិនីកម្ពុជាបានចូលរួមក្នុងការប្រកួតកីឡា SEA GAMES 2021 លើកទី ៣១ នៅប្រទេសវៀតណាម និងសមិទ្ធផល នៃកំណែទម្រង់វិស័យកីឡាសំខាន់ៗ ដូចខាងក្រោម ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំ កាយ និងកីឡា និងបានធ្វើកំណែទម្រង់ ស៊ីជម្រៅលើការងារ អប់រំកាយ និងកីឡាចំនួន ៤ចំណុច ដើម្បីលើកកម្ពស់ វិស័យកីឡាឆ្ពោះទៅឆ្នាំ២០២៣ រួមមាន៖ការជួសជុលកែលម្អ និងកសាង ហេដ្ឋារចនាសម្ព័ន្ធកីឡា ការបណ្ដុះបណ្តាល ធនធានមនុស្ស, ការកែលម្អរចនាសម្ព័ន្ធការ ប្រកួត និង ការពង្រឹង និងគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ ។

សមិទ្ធផលសំខាន់ៗរួមមាន៖ ទី១. ក្រសួងបានធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ ចំនួន៤២ ចាប់ពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២២នេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាដែលមានក្នុង កម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ ទី២. ក្រសួងបានផ្ទេរមុខងារដល់រាជធានី ខេត្តក្នុងការរៀបចំប្រកួតកីឡា គ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ។ ទី៣. មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិ ធ្វើការបណ្តុះ បណ្តាលក្រុមកីឡាជម្រើសថ្នាល ស្របតាមផែនការមេ នៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ក្នុងឆ្នាំ២០២២ មាន ៣៨ ប្រភេទកីឡា, កីឡាករចំនួន ១០៣៦ នាក់, ស្រី ២៨៤នាក់ ។
ទី៤.ក្រសួង បានផ្ដល់ឱកាស ឱ្យសហព័ន្ធកីឡាជាតិ បានរៀបចំការប្រកួត ជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេស ដើម្បីទទួលបាន បទពិសោធន៍ចំណេះដឹង ក្នុងការរៀបចំការប្រកួតកម្រិត អន្តរជាតិ, វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីកម្រិតអន្តរជាតិក្នុងតំបន់, និងជំរុញការ រៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្រភេទកីឡា។ ទី៥. កីឡាករ កីឡាការិនីកម្ពុជាបានចូលរួមការប្រកួតកម្រិតតំបន់, កម្រិតអាស៊ី, និង កម្រិតពិភពលោក ទទួលបានបទពិសោធន៍ ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡា ជាពិសេសកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយជាច្រើនគួរឲ្យកត់សម្គាល់។
លទ្ធផលនៃកំណែទម្រង់ខាងលើ បានធ្វើឱ្យវិស័យកីឡាមានការរីកចម្រើន និងទទួលបាននូវមេដាយកម្រិត ពិភពលោក កម្រិតទ្វីប និងកម្រិតតំបន់ប្រការនេះ បានរួមចំណែក លើកមុខមាត់កីឡាកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសការចូល រួមប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅ ប្រទេសវៀតណាម ក្រសួងសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជូនប្រតិភូ កីឡាកម្ពុជាចំនួន៥៥០នាក់ លើប្រភេទកីឡាចំនួន ៣៣ មាន២៩៥វិញ្ញាសា ជាលទ្ធផលកម្ពុជា ទទួលបានមេដាយសរុប ចំនួន ៦៣គ្រឿង ក្នុងនោះមេដាយមាស ៩គ្រឿង, ប្រាក់ ១៣គ្រឿង, និង សំរឹទ្ធិ ៤១គ្រឿង និងស្ថិតក្នុងចំណាត់ថ្នាក់ទី៨ ។ ប្រាក់រង្វាន់ ជ័យលាភីត្រូវផ្ដល់ជូនគ្រូបង្វឹក , គ្រូជំនួយ, កីឡាករ កីឡាការិនី សរុប ១៣៥នាក់ ក្នុងនោះ គ្រូបង្វឹក គ្រូជំនួយ ៤២នាក់, និងកីឡាករ កីឡាការិនី ៩៣នាក់ ។

ប្រភេទកីឡា ដែលត្រូវទទួលបានប្រាក់រង្វាន់ជ័យលាភី រួមមានកីឡាឃឺកបុកស៊ីង ប៉េតង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ ទូករ៉ូអ៊ុង ជីជីតស៊ូ វូស៊ូ យូដូ ប្រដាល់សកល កាយសម្ព័ន្ធ ការ៉ាត បាល់ទះក្នុងសាល គុនខ្មែរ និងហែលទឹក ។ តាងនាមក្រសួងអប់រំ យុវជន និងកីឡា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណដ៏ ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែង បានលើកទឹកចិត្ត និងគាំទ្រ ដល់កីឡាករ កីឡាការិនីកម្ពុជា នៅរាល់ការប្រកួត ទាំងការប្រកួតក្នុងស្រុក, ក្នុងតំបន់ និងអន្តរជាតិ ជា ពិសេស ការចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១នេះ សម្តេចបានឱ្យក្រុមហ៊ុនខេមបូឌាអ៊ែរវ រៀបចំយន្តហោះពិសេស ជូនប្រតិភូកីឡាកម្ពុជា ទាំងទៅទាំងមកដោយឥតគិតថ្ល ។

Most Popular

To Top