ភ្នំពេញ៖ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ ការប្រកួតប្រដាល់ជាលក្ខណៈអន្តរជាតិ មួយដោយមានការចូលរួមរបស់អ្នកប្រដាល់ ៤ប្រទេសទៀតក្នុងតំបន់អាស៊ាន និងអាស៊ីលើសង្វៀនប្រដាល់ខេត្តកំពង់ស្ពឺ រៀបចំឡើងក្រោមការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហការជាមួយស្ថាននីយ៍ទូរទស្សន៍ កងយោធពលខេមរភូមិន្ទ និងខេត្តកំពង់ស្ពឺ។
ការប្រកួតនេះជាលក្ខណៈអន្តរជាតិ ក្នុងទ្រង់ទ្រាយធំមួយដែលពុំធ្លាប់មានពីមុនមក ឬអាចហៅថា ជាការសម្លៀងរបស់អ្នកប្រដាល់គុនខ្មែរកម្ពុជា ដើម្បីត្រៀមការមកដល់នៃព្រឹត្តិការណ៍ SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា។ ការប្រកួតជាលក្ខណៈអន្តរជាតិចំនួន ៦ គូ សុទ្ធតែជាគួរឲ្យចាប់អារម្មណ៍ដែលបាន បង្ហាញខ្លួនឡើងវិញរបស់អ្នកប្រដាល់ល្បីឈ្មោះ កែវ រំចង់ របស់ក្លិបដំបងគ្រញូងខេត្តបាត់ដំបង។
អ្នកប្រដាល់រូបនេះបាត់មុខយូរណាស់មកហើយ ទើបតែពេលនេះគេបង្ហាញខ្លួន ជាមួយនឹងប្រភេទទម្ងន់ ៨១គីឡូក្រាម ។
អ្នកប្រដាល់ជើងចាស់ កែវ រំចង់ ជួបជាមួយអ្នកប្រដាល់អ៊ីរ៉ង់ Abol Fazl ប្រភេទទម្ងន់៨១គីឡូក្រាម អ្នកប្រដាល់ កាន់ ម៉េងហុង ក្លិបនាគរាជចតុមុខ ប្រកួតអ្នកប្រដាល់វៀតណាម Pham Ba hoi ប្រភេទទម្ងន់៥៤គីឡូក្រាម អ្នកប្រដាល់ បឺត សង្ឃឹម ជាម្ចាស់មេដាយមាស SEA GAMES លើកទី៣១នៅប្រទេសវៀតណាមប៉ះអ្នកប្រដាល់ហ្វីលីពីន Areal Lee.B.Lampacan ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម។
ចំណែកអ្នកប្រដាល់ជើងខ្លាំង ឡៅ ចិត្រា ក្លិបទីបញ្ជាការទ័ពពិសេសប្រកួតនឹងអ្នកប្រដាល់ថៃ Kao Eh ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម អ្នកប្រដាល់ជើងខ្លាំង លន បញ្ញា ក្លិបកងយោធពលខេមរភូមិន្ទ ប្រកួតជាមួយអ្នកប្រដាល់ហ្វីលីពីន Shaquile Soriano ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម និងអ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ ប្រកួតជាមួយអ្នកប្រដាល់ថៃ Sri Trang Tor Buamas ក្នុងប្រភេទទម្ងន់ ៧១គីឡូក្រាម ៕