ភ្នំពេញ៖នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានប្រាសបិទការប្រកួតជ្រើសរើសជើងឯកឡើងភ្នំកម្ពុជាឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយការប្រកួតនេះមានរយៈពេល៣ថ្ងៃប្រព្រឹត្តដោយរលូន និងដោយជោគជ័យ នៅផ្សារទំនើបFun Mall ។
ក្នុងឱកាសបិទការប្រកួតកីឡាជ្រើសរើសជើងឯកឡើងភ្នំកម្ពុជាឆ្នាំ២០២២នេះដោយមានការអញ្ជើញពីសំណាក់លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយកដ្ឋានអប់រំកាយ និងកីឡា លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក ស៊ឹម រ៉ន អគ្គលេខាធិការសហព័ន្ធកីឡាឡើងភ្នំកម្ពុជា។
លោក ទុយ ប៊ុនហឿន បានប្រាប់ឲ្យដឹងថា ហើយសូមអបអរសារទរដល់កីឡាករ-កីឡាការិនីទាំងអស់ដែលទទួលបានជ័យលាភី និងសូមលើកទឹកចិត្តដល់កីឡាករ កីឡាការនីផ្សេងទៀត ខិតខំបន្តហ្វឹកហាត់ ដើម្បីការប្រកួតនៅឆ្នាំក្រោយ។ដោយអនុវត្តតាមផែនការសកម្មភាពប្រចាំឆ្នាំ២០២២ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដំណើរការរៀបចំការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២២ នៅក្លិប Power Up Phnom Pemh ក្នុងគោលបំណងជ្រើសរើសកីឡាករ-កីឡាករិនីល្អ មានទេព្យកោសល្យបច្ចេកទេស សមត្ថភាពខ្ពស់កត់ត្រាជាកីឡាករឆ្នើមប្រចាំឆ្នាំ និងដើម្បីត្រៀមលក្ខណៈហ្វឹកហាត់ចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិនានា។
លោកបានបន្តថា ក្នុងឱកាសដ៏ពិសេស និងថ្លៃថ្លានេះ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយជាទីបំផុត ចំពោះវត្តមាន គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងកម្មវិធី បិទ ការប្រកួតកីឡាឡើងភ្នំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២នេះ។ ដែលបង្ហាញពីការយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រ និងជាការលើកទឹកចិត្ត ដល់គណៈកម្មការៀបចំការប្រកួត ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី និងញាំងឱ្យធិពីនេះកាន់តែមានភាពអធឹកអធម និងមោទនភាពក្រៃលែង៕