កីឡា

សិក្ខាកាម១០នាក់ ស្មើនឹង៤៥,៤៥ភាគរយបានទទួលនូវនិទ្ទេសល្អ នៃវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកាយសម្ព័ន្ធកម្រិត១ 

ខេត្តកំពង់ឆ្នាំង៖នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ វគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូជំនាញកម្រិត១(Level-1 Class P4+Training Casmp) រៀបចំដោយសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំនៅខេត្តកំពង់ឆ្នាំងប្រព្រឹត្តដោយរលូន និងដោយជោគជ័យ។
លោកណយ ផាណា ជាអគ្គលេខាធិការសហព័ន្ធបានប្រាប់ឲ្យដឹងថា វគ្គនេះធ្វើឡើងដើម្បីពង្រឹងគុណភាពបច្ចេកទេសជូនដល់គ្រូបង្វឹកកម្រិត១ដើម្បីឲ្យមានការយល់ដឹងកាន់តែប្រសើរដើម្បីត្រៀមលក្ខណៈឲ្យបានល្អឆ្ពោះទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិនានាពិសេសសម្រាប់ព្រឹត្តិការណ៍SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

វគ្គនេះបង្រៀនដោយរូបលោក និងគ្រូជំនួយ លោកសោ សុផេង ជាគ្រូជំនាញរបស់សហព័ន្ធមានកម្រិតបច្ចេកទេស FIG Academy Level-1 and Level-3 in Artistic and aerobic Gymnastic ។សិក្ខាកាមដែលចូលរួមមានចំនួន២២នាក់ ក្នុងនោះស្រ្តី៨នាក់មកពីរាជធានីភ្នំពេញ២នាក់ខេត្តកំពង់ឆ្នាំង១៣នាក់ខេត្តក្រចេះ៤នាក់ខេត្តកំពង់ចាម១នាក់និងក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ២នាក់។សិក្ខាកាមទាំងអស់សុទ្ធតែជាគ្រូជំនាញថ្នាក់មូលដ្ឋានកម្រិត១។
វគ្គសិក្សាចែកចេញជា២ផ្នែកគឺពេលព្រឹកសិក្សាផ្នែកទ្រឹស្ដី និងពេលល្ងាចការអនុវត្តន៍ផ្ទាល់តែម្ដង។ក្រៅពីសិក្សាទ្រឹស្ដីក៏មានការឧទ្ទេសនាមនូវពីបទពិសោធន៍ល្អៗថ្មីៗពិសេសពីការផ្លាស់ប្ដូរច្បាប់ប្រកួតថ្មីៗសម្រាប់ឆ្នាំ២០២២ដល់២០២៤ទៀតផង ។

ចំពោះលទ្ធផលនៃការសិក្សាសិក្ខាកាម១០នាក់ស្មើនឹង៤៥,៤៥ភាគរយបានទទួលនូវនិទ្ទេសល្អ សិក្ខាកាម៨នាក់ស្មើនឹង៣៦,៣៦ភាគរយបានទទួលនិទ្ទេសល្អបង្គួរនិងសិក្ខាកាម៤នាក់ (១៨,១៨ភាគរយ)បានទទួលនិទ្ទេសមធ្យម៕

Most Popular

To Top