កីឡា

សម្ដេចក្រឡាហោម ស ខេង៖ កីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀន ជាចាំបាច់

ភ្នំពេញ៖នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃ បានអញ្ជើញជួបណេះសំណាល ជាមួយថ្នាក់ដឹកនាំប្រតិភូ ប្រតិភូរង គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា កីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយ នៃការប្រកួតកីឡាជាតិលើកទី៣ នៅសាលមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឹនកីឡារ៉ាតេ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការទទួលជួយការងារ ដឹកនាំអគ្គលេខាធិការដា្ឋន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាថ្នាក់ជាតិលើកទី១ ទទួលបានមេដាយសរុប៥៣គ្រឿងមាស២៧ ប្រាក់១២ និងសំរឹទ្ធ១៤ ។ប្រកួតកីឡាជាតិលើកទី២ ទទួលបានមេដាយសរុប ១៤៩គ្រឿង មាស៨៣ ប្រាក់៤៣ និងសំរឹទ្ធ២៣ រីឯប្រកួតកីឡាជាតិលើកទី៣ទទួលបានមេដាយសរុប ២១១គ្រឿង មាស១០៣ ប្រាក់៥៨ និងសំរឹទ្ធ៥០ លទ្ធផលនេះបាននាំឲ្យក្រសួងមហាផ្ទៃ ឈរនៅលំដាប់ទី១ទូទាំងប្រទេស លើបណ្តាក្រសួង និង រាជធានី ខេត្តទាំង២៥ ។

លោកបានបន្តថា ការប្រកួតព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ និងអន្តរជាតិជាពិសេសការប្រកួតកីឡា SEA GAMES លើកទី ៣១ នៅប្រទេសវៀតណាម អត្តពលិកក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប ៣៥គ្រឿង មាស៧ ប្រាក់៨ និងសំរឹទ្ធ២០ គ្រឿង ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ផ្សេងៗនៅឆាកអន្តរជាតិវិញ បានបញ្ចូនអត្តពលិកទៅចូលរួម ការប្រកួតនៅប្រទេសមួយចំនួនដូចជា ចិន, ហូឡង់ដ៍, កូរ៉េ, និងថជាដើម ដោយទទួលបានមេដាយសរុប ១៥៦គ្រឿង មាស៤២ ប្រាក់៦៨ និងសំរឹទ្ធ៤៦ ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ជាការពិតណាស់បច្ចុប្បន្ននេះវិស័យកីឡារបស់ព្រះរាជាណាចក្រកម្ពុជាកំពុងមានការរីកចម្រើន គួរឲ្យកត់សម្គាល់ដោយឡែកវិស័យកីឡា ក្នុងកងកម្លាំងនគរបាលជាតិ ក៏មានសន្ទុះខ្លាំងក្លា ទាំងក្នុងការប្រកួតក្របខណ្ឌជាតិ និងអន្តរជាតិ កត្តាទាំងអស់នេះ គឺដោយមានការជួយឧបត្ថម្ភ និងការគាំទ្រ ជ្រោមជ្រែងយកចិត្តទុកដាក់ និងកិច្ចសហការពីភាគី ពាក់ព័ន្ធនានា ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គលេខា ធិការដ្ឋាន ធានាបាននូវប្រសិទ្ធភាពការងារ និងគុណភាពនៃការបណ្ដុះបណ្ដាល ធនធានកីឡាករ-កីឡាការិនី ស្របតាមស្ដង់ដារកំណត់។

សម្ដេចក្រឡាហោម ស ខេងបានថ្លែងទៀតថា កីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃទំាងអស់ ត្រូវធ្វើតេស្តិ៍រកសារធាតុញៀនជាចាំបាច់ មុននឹងចូលរួមជាមួយក្រុមកីឡាករ-កីឡាការិនី ក្រសួងមហាផ្ទៃ ប្រសិនបើកីឡាករ-កីឡាការិនី ពិនិត្យរកសារធាតុទំាំងនោះ មិនអនុញ្ញាតឲ្យក្លាយជាអត្តពលិក ក្រសួងមហាផ្ទៃឡើយ៕ ដោយ៖លី ភីលីព

Most Popular

To Top