ភ្នំពេញ ៖ ព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់ អបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា និងអបអរសាទរខួប១២ នៃក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពិធីបើកជាផ្លូវការ ពីសំណាក់លោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាស្ថាបនិកក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន និងលោក ឡោក ឆាយ អគ្គលេខាធិការរង ព្រឹទ្ធសភា ព្រមទំាងជាប្រធាន កិត្តិយសក្លិបកីឡាបាល់ ទាត់កម្ពុជា-អាស៊ាន នៅកីឡដ្ឋានវិទ្យាល័យបឹងត្របែក ។

លោក អ៊ុក សំណាង ប្រធានក្លិបកីឡាបាល់ទាត់ កម្ពុជា-អាស៊ាន បានប្រាប់ឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាព ពានរង្វាន់វ័យចំណាស់កម្ពុជានេះ បានចាប់បដិសន្ធិឡើងនៅឆ្នាំ២០១០ និងបានរៀបចំចំនួន២ លើករួចមកហើយ ដោយមានការចង្អុរបង្ហាញពីលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន អង្គភាពប្រឆាំងអំពើពុករលួយ និងជាស្ថាបនិកក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ។

លោកបានបន្តថា ការប្រកួតក្នុងគោលបំណង ចូលរួមលើកស្ទួយវិស័យកីឡានៅកម្ពុជា ក៏ដូចជាកៀងគរនូវមន្ត្រីរាជការ និងបងៗ ពូ ដែលមានវ័យចំណាស់ នៅគ្រប់វិស័យ ឲ្យចូលរួមលេងកីឡាជាគំរូដ៏ល្អ ដល់យុវជន ឲ្យចូលរួមក្នុងគ្រប់ទម្រង់កីឡា ជាផ្នែកមួយ អាចជួយដល់យុវជន គ្រប់មជ្ឈដ្ឋាន ចេញឆ្ងាយ ពីអំពើ ឧបាយមុខ ផ្សេងៗបាន និងពង្រឹងសុខភាព បង្កើតមិត្តភាព ក៏ដូចជាគាំទ្រយ៉ាងមុតមាំ ចំពោះអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់វិស័យកីឡា និងអាចពង្រឹងនូវចំណងសាមគ្គីភាព រវាងក្រុមកីឡាករវ័យចំណាស់ នៃស្ថាប័ននានា ក្នុង ព្រះរាជាណាចក្រកម្ពុជា ឲ្យមានទំនាក់ទំនង កាន់តែប្រសើរនឹងគ្នាឡើងទ្វេរដង ព្រោះកីឡា ជាប្រភពយ៉ាងពិតប្រាកដ នាំមកនូវ “សុខភាព មិត្តភាព សាមគ្គីភាព និងសន្តិ៣ព” ក្រោមម្លប់សន្តិភាពពិតប្រាកដ ក្នុងសម័យតេជោ ។

មានន័យថា ការប្រកួតនេះរៀបចំ ជាពិសេសដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៤ ទិវាជ័យជម្នះ ៧មករា ព្រោះថាយើងទាំងអស់គ្នា មានឪកាសជួបជុំគ្នា លេងកីឡា បាល់ទាត់ពង្រឹងសុខភាព បង្កើតមិត្តភាព រឹតចំណងសាមគ្គីភាព ដោយគ្មានការបារម្មណ៍ភ័យព្រួយដូចសព្វថ្ងៃនេះ គឺបានមក ពី បុព្វហេតុចម្បងនៃថ្ងៃ៧ មករា មានន័យថា មានថ្ងៃ៧មករា ទើបមានសន្តិភាពពេញបរិបូរណ៍ ដូចសព្វថ្ងៃនេះ …ជយោ! ទិវាជ័យជម្នះ ៧មករា ! អរគុណសន្តិភាព !។

សម្រាប់ការប្រកួតខាងលើនេះមានក្លិបចំនួន៦ គឺក្លិបកីឡាបាល់ទាត់កម្ពុជា-អាស៊ាន ក្លិបកីឡាបាល់ទាត់គណៈមេធាវី ក្លិបកីឡាបាល់ទាត់បុរីរ៉ាត់ VIP ក្លិបកីឡាបាល់ទាត់គ្រុឌមាស ខេត្តសៀមរាប ក្លិបកីឡាបាល់ទាត់ វ័យចំណាស់ VIP ខេត្តកំពត និងក្លិបកីឡាបាល់ទាត់មិត្តល្អមានជ័យ។
លោក ស៊ាន បូរ៉ាត បានមានប្រសាសន៍ថា ក្នុងនាមខ្លួនលោកផ្ទាល់សូមវាយតម្លៃខ្ពស់ សូមកោតសរសើរ ចំពោះកីឡាករទំាងអស់ចូលរួមការប្រកួត លើកនេះក្នុងគោលបំណង ទិសពង្រឹង មិត្តភាពក៏ដូចជាលើកកម្ពស់ នូវសុខភាព ផងដែរ ហើយតាមរយៈការប្រកួត របស់ក្លិបនីមួយៗ ពិតជានាំមកនូវសាមគ្គីភាព ដោយសារការប្រកួតគោរព តាមច្បាប់បាល់ទាត់៕


