ព្រះសីហនុ ៖នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានបញ្ចប់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្រោមអធិតីភាពលោកឧត្តមនាវីទោ នួន សុធី មេបញ្ជាការរងនៃបញ្ជាការដ្ឋានមូលដ្នានសមុទ្រ និងមានការចូលរួមពីសំណាក់ លោក ម៉ុក សារឿន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា និងលោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ ជាតំណាង ឯកឧត្តម ថោង រដ្ឋសក្តិ ប្រធានស្តីទីនៃសហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅឆ្នេររាមស្ថិតនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សម្រាប់ការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នេះគណៈកម្មការរៀបចំ ការប្រកួតបានរៀបចំវិញ្ញាសាចំនួន ៥ ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុបចំនួន ២៧រូប ដូចជាវិញ្ញាសា Windsurfing Open វិញ្ញាសា Windsurfing Techno Open វិញ្ញាសា ILCA Boat វិញ្ញាសា Byte Boat និងវិញ្ញាសា Optimist Boat ។
ឆ្លងកាត់ការប្រកួតដោយស្មារតីយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងអស់ពីសមត្ថភាព បច្ចេកទេសឈរលើស្មារតី សាមគីភាពព្រមទាំងអនុវត្តបាន តាមគោលការណ៍ដោយយុត្តិធម៌ ( Fair Play ) ជាលទ្ធផលនៃការប្រកួតកីឡាទូកក្តោង ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ ដែលមានរយៈពេល ២ថ្ងៃ ដែលចាប់តាំងពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លើប្រភេទវិញ្ញាសា ចំនួន៥ប្រភេទរួមមានវិញ្ញាសា Windsurfing Open មេដាយមាសបានទៅលើកីឡាករ កែវ ភារុណ មេដាយប្រាក់បានទៅលើកីឡាករ ប៉ាល់ សិលា និងមេដាយសំរិទ្ធបានទៅលើកីឡាករ កែវ ភានុន ចំណែកវិញ្ញាសា Windsurfing Techno Open មេដាយមាសបានទៅលើកីឡាករ គង់ សំរេច មេដាយប្រាក់បានទៅលើកីឡាករ ព្រំ វណ្ឌី និងមេដាយសំរិទ្ធបានទៅលើកីឡាករ ម៉ុញ ផាន់ណះ ។
វិញ្ញាសា ILCA Open មេដាយមាសបានទៅលើកីឡាករ ញ៉ូវ ចាន់ មេដាយប្រាក់បានទៅលើកីឡាករ ស៊ុន ចាន់ឌឿន និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី សម្បត្តិ ចនសាន់ រីឯវិញ្ញាសា Byte Boat Open មេដាយមាសបានទៅលើកីឡាករ ចាន់ សុខវាសនា មេដាយប្រាក់បានទៅលើកីឡាករ ធុច លីអ៊ីង និងមេដាយសំរិទ្ធបានទៅលើកីឡាករ មាច ឫទ្ធីវង្ស និងវិញ្ញាសា Optimist Open មេដាយមាសបានទៅលើកីឡាករ ទិត សុវណ្ណា មេដាយប្រាក់បានទៅលើកីឡាករ បូ សំអ៊ី និងមេដាយសំរិទ្ធបានទៅលើកីឡាការិនី ធឿន ដាវីត។
ការប្រកួតនេះគឺជាការប្រកួត ដ៏មានសារសំខាន់មួយ សម្រាប់ការបន្តកសាងសមត្ថភាព គុណភាព ទេពកោសល្យ និងវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី ជាពិសេសគឺជាការវាស់ស្ទង់ សមត្ថភាពរបស់មន្រ្តីបច្ចេកទេស និងចៅក្រមរបស់សហព័ន្ធ ក្រោមការជួយគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញ និងអភិវឌ្ឍន៍វស័យកីឡាទូកក្តោងនៅកម្ពុជា ក្នុងការត្រៀមខ្លួនជាស្រេចសម្រាប់ការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ៕
ដោយ៖ លី ភីលីព