ភ្នំពេញ ៖ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក Kitsombat Euammongkol ប្រធានសហព័ន្ធកីឡា វាយកូនបាល់អាស៊ី និងលោកស្រី Manpreet Kandhari នាយកប្រតិបត្តិ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានមកទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា ដើម្បីស្វែងយល់ ពីចំណុចខ្វះខាត របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មុនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះការប្រកួត។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការ នៅកម្ពុជា របស់លោកប្រធាន សហព័ន្ធកីឡាវាយកូនបាល់អាស៊ីមានរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ចំពោះលោកបានមកទីស្នាក់ការ សហព័ន្ធ ដើម្បីជួបពិភាក្សាការងារមួយចំនួន ដើម្បីជួយអភិឌ្ឍនកីឡាវាយ កូនបាល់ទំាងបច្ចេកទេស និងទីលានប្រកួត ក្នុងការត្រៀមខ្លួនព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ។
លោកអគ្គលេខាធិការ បន្តថា ថ្ងៃបន្ទាប់ លោក Kitsombat Euammongkol ប្រធានសហព័ន្ធ កីឡាវាយកូនបាល់ អាស៊ីនឹងទៅទស្សនា ទីលាន ប្រកួតជាផ្លូវការ ការប្រកួតកីឡា SEA GAMES 2023 នៅពហុកីឡដ្ឋាមរកតតេជោ ឲ្យត្រូវតាមស្តង់ដារ អន្តរជាតិដើម្បីស្វាគមន៍ កីឡាករ-កីឡាការិនី អន្តរជាតិមកចូលរួមកីឡា SEA GAMES 2023 ក្នុងការបង្ហាញស្នាដៃឲ្យអន្តរជាតិបានដឹងកាន់តែច្បាស់ឡើង ។

លោក Kitsombat Euammongkol បានមានប្រសាសន៍ថា ប្រភេទកីឡាវាយកូនបាល់ជាប្រភេទ ដែលពិបាក យកឈ្នះជ័យជន្នណាស់ ដូច្នេះយើងត្រូវការហ្វឹកហាត់ច្រើនម៉ោង ក្នុងមួយថ្ងៃ ព្រោះយើងត្រូវការប្រកួតជាច្រើនប្រកួត ដើម្បីដណ្តើមមេដាយ ជូនប្រទេសជាតិ លោកសង្ឃឹមថា កីឡាករ-កីឡាការិនីវាយកូនបាល់កម្ពុជា អាចនឹងទទួលបានមេដាយ ប្រសិនកីឡាករ-កីឡាការិនីព្យាយាមក្នុងការ ហ្វឹកហាត់ឲ្យបានល្អប្រសើរ៕
