ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកលជើងឯក ទ្វីបអាស៊ី អាយុក្រោម ២២ ឆ្នាំ នៅប្រទេសថៃ កម្ពុជាបានបង្កើត ប្រវត្តិសាស្ត្រថ្មី ដោយប្រជែងបានមេដាយសំរិទ្ធ មួយគ្រឿង និង មួយរូបទៀត ត្រៀមប្រជែងយកមេដាយមាស បន្ទាប់ពីឈ្នះ អ្នកប្រដាល់គៀជីស្ថាន នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ។
ព្រឹត្តិការណ៍នេះមានប្រទេសចំនួន២១ ចូលរួមដែលចាប់ផ្ដើមពីថ្ងៃទី១៦ ដល់២៧មករា២០២៣ នៅប្រទេសថៃ ។
លោកប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បាននិយាយថា កម្ពុជាបានបញ្ជូនកីឡាករ៣រូប និងកីឡាការិនីមួយរូបទៅចូលរួម ។ កីឡាករទាំង៣រូបមាន ពេញ វណ្ណថង ទម្ងន់៦៧គីឡូក្រាម ហ៊ុន គឹមហ៊ាង ទម្ងន់៧១គីឡូក្រាម រ៉ាចាពៅ អាប់ឌុលឡា ទម្ងន់៩២គីឡូក្រាមនិងកីឡាការិនីវី ស្រីស្រស់ទម្ងន់៥៧គីឡូក្រាម ។
លោក អគ្គលេខាធិការ បានចាត់ទុកថា នេះជាកំណត់ត្រាថ្មី ដែលមេដាយទ្វីបអាស៊ីកម្ពុជា ពុំធ្លាប់ទទួបានឡើយហើយនេះ ក៏ជាសញ្ញាល្អសម្រាប់ព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នាពេលខាងមុខដែរ ។ នេះអាចជាការវាស់ស្ទង់ សមត្ថភាពចុងក្រោយហើយ របស់អ្នកប្រដាល់កម្ពុជា មុនការមកដល់នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ដែលកម្ពុធ្វើម្ចាស់ផ្ទះ ៕