កីឡា

អ៊ុយក្រែន​ បានហៅគណៈកម្មាធិការ អូឡាំពិកអន្តរជាតិថា ជាអ្នកបង្កាត់ភ្លើង សង្គ្រាម

អ៊ុយក្រែន ៖ តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ជំនួយការប្រធានាធិបតី អ៊ុយក្រែន លោក Mykhaylo Podolyak កាលពីថ្ងៃចន្ទ បានហៅគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ថា ជាអ្នកបង្កាត់ភ្លើងសង្គ្រាម បន្ទាប់ពីស្ថាប័ន កីឡាបាននិយាយថា ខ្លួនកំពុងពិចារណា រកវិធីសម្រាប់អត្តពលិក រុស្ស៊ីចូលរួមការប្រកួតកីឡា អូឡាំពិក២០២៤ នៅប្រទេសបារាំង ។

លោក Podolyak បាននិយាយនៅលើ Twitter ថា (IOC) ជាអ្នកផ្សព្វផ្សាយ ឬបង្កាត់ភ្លើង សង្គ្រាម ឃាតកម្ម និងការបំផ្លិចបំផ្លាញ។ IOC បានអង្គុយមើល ដោយក្តីរីករាយ ដែលរុស្ស៊ីបំផ្លាញអ៊ុយក្រែន ហើយបន្ទាប់មកផ្តល់ឲ្យរុស្ស៊ី នូវវេទិកាមួយ ដើម្បីលើកកម្ពស់អំពើ ប្រល័យពូជសាសន៍ និងលើកទឹកចិត្តដល់ការ សម្លាប់បន្ថែមទៀត របស់ពួកគេ ។

លោកបានបន្ថែម ដោយសំដៅទៅលើប្រធាន IOC លោក Thomas Bach ថា ច្បាស់ណាស់លុយរុស្ស៊ី ដែលទិញការលាក់ពុត អូឡាំពិក មិនមានក្លិនឈាមអ៊ុយក្រែនទេ។ មែនទេ លោក Bach?” ។ IOC បានប្រឈមមុខនឹងការរិះគន់ ពីអ៊ុយក្រែន បន្ទាប់ពីវាបាននិយាយ កាលពីសប្តាហ៍មុនថា ខ្លួនកំពុងស្វែងរក ផ្លូវ សម្រាប់ជនជាតិរុស្ស៊ីក្នុងការចូលរួម រួមទាំងជាអត្តពលិក អព្យាក្រឹតផងដែរ ។

ប្រទេសរុស្សី និងសម្ព័ន្ធមិត្តរបស់ខ្លួន បេឡារុស្ស ត្រូវបានដកចេញ ពីកីឡាអូឡាំពិកភាគច្រើន ចាប់តាំងពីកងកម្លាំងរុស្ស៊ី បានឈ្លានពានអ៊ុយក្រែន កាលពីខែកុម្ភៈ ។ ប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ការចូលរួមរបស់រុស្ស៊ី នៅក្នុងកីឡាអូឡាំពិក ទីក្រុងប៉ារីសឆ្នាំ ២០២៤ នឹងបង្ហាញថា ភេរវកម្មអាចជាអ្វីមួយ ដែលអាចទទួលយកបាន ។

លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថា នាពេលរាត្រីរបស់គាត់ដោយសំដៅ ទៅលើទីក្រុងនានា ដែលរងការវាយប្រហារពីរុស្សីជាប្រចាំថា ដូចជាអាចធ្វើទៅបាន ដើម្បីបង្វែរភ្នែកទៅមើលអ្វី ដែលរុស្ស៊ីកំពុងធ្វើចំពោះ Kherson ទៅ Kharkiv ទៅ Bakhmut និង Avdiivka” ៕

Most Popular

To Top