ភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ដួង មាសចំរើន អនុប្រធាន សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងលោក Oliver Scheer ជំនាញការជនជាតិ Austria មកពីស្ថាប័នអត្តពលកម្មពិភព លោក បានអញ្ជើញចូលរួមកម្មវិធីគម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍ ប្រព័ន្ធកីឡា ជាតិសម្រាប់កីឡាអត្តពលកម្មនៅ ទីស្នាក់ការគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌបាននិយាយថា ដោយបានការអនុញ្ញាតពីលោក វ៉ាត់ ចំរើន ថ្ងៃនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នាពេលនេះ។
សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិ សម្រាប់ ប្រភេទកីឡាអូឡាំពិក ក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេសជាមួយស្ថាប័នអត្តពលកម្មពិភពលោក World Athletics និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។

លោកបានបន្តថា គោលបំណងនៃការរៀបចំគម្រោងនេះដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹង រចនាសម្ព័ន្ធនៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡា ដែលមានក្នុងកម្មវិធីការប្រកួតកីឡា អូឡាំពិក។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយ អត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មក្នុងការបន្តអនុវត្តគម្រោងនេះ ដោយបានចាត់ លោក Oliver Scheer ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក ដែលគម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ។
លោកទីប្រឹក្សាបន្ថែមទៀតថា សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្មអនុវត្តតាម កម្មវិធីដូចខាងក្រោម លោក Oliver Scheer ជំនាញការអត្តពលកម្មពិភពលោកធ្វើទស្សនៈកិច្ចលើកទី២ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ។

ដោយត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះ បណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការគ្រប់គ្រងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ព្រមទាំងធ្វើការ សិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍ ធនធាន អត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ – ២០៣០ ។
ក្រោយពីបញ្ចប់គម្រោងដ៏មានសារសំខាន់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមជឿជាក់ថា សហព័ន្ធ នឹងមាន ផែនការអភិវឌ្ឍកីឡាអត្តពលកម្មរបស់ខ្លួនដែលមានលក្ខណៈវិទ្យាសាស្រ្តស្របតាមស្តង់ដាអត្តពលកម្មពិភពលោកសម្រាប់យកទៅអភិវឌ្ឍកីឡារបស់ខ្លួនឲ្យក្លាយជាកីឡាដ៏មានប្រជាប្រិយភាព និងសក្តានុពលនៅកម្ពុជានាពេលអនាគត៕
ដោយ៖លី ភីលីព
