លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានអះអាងថា ការប្រកួតបាល់ទះ Anchor Slamball គឺជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។
ការប្រកួតបាល់ទះ Slamball បានបិទបញ្ចប់ហើយកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ហើយក្រុមជើងឯកបានទៅលើក្រុមពង្រួលកំពង់ស្ពឺ ក្រោយពីយកឈ្នះត្រីឆ្លាំងភ្នំពេញក្នុងលទ្ធផល ៣សិតទល់នឹង២សិត។ ការប្រកួតដែលមាន៨ក្រុមចូលរួម និងប្រើពេល៣ខែ ធ្វើដំណើរ៨ខេត្ដក្រុងនេះ ពិតជាធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាមែនទែន។ ក្រុមដែលចូលរួមសុទ្ធតែជាក្រុមខ្លាំងៗចេញពីខេត្តនីមួយៗ ហើយលក្ខខណ្ឌក្នុងការប្រកួតវិញក៏ល្អថែមទៀត ដោយប្រើច្បាប់តាមសហព័ន្ធបាល់ទះកម្ពុជាស្ដង់ដារទាំងអស់។
ក្នុងការចូលរួមបិទពាន Slamball លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បាននិយាយ៖ “ព្រឹត្តិការណ៍ Slamball នេះ ក៏ជាការរួមចំណែកមួយ ក្នុងការជំរុញការវិវឌ្ឍថ្មីនៃវិស័យបាល់ទះនៅកម្ពុជា។ ការប្រកួត Slamball នេះគឺអាជ្ញាកណ្តាលមកពីសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលត្រូវបានបំពាក់បំប៉នយ៉ាងគត់មត់ និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ។ ហើយក្រុមដែលចូលរួម សុទ្ធតែបានចុះបញ្ជីត្រឹមត្រូវតាមក្បូនច្បាប់ផងដែរ”។
ចំពោះចំណាតថ្នាក់នៃពាន slamball 2022 នេះគឺ៖
លេខ១ ក្រុមពង្រួលកំពង់ស្ពឺ ទទួលបានមេដាយមាស និងប្រាក់រង្វាន់ ៥ ពាន់ដុល្លារ ស្រាបៀរ Anchor White ១៥កេស និង Anchor Smooth ១៥ កេស
លេខ២ ត្រីឆ្លាំងភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៣ ពាន់ដុល្លារ Anchor White ១០ កេស និង Anchor Smooth ១០កេស
លេខ៣ ដំរីសៀមរាប ទទួលបានប្រាក់រង្វាន់ ១ ៥០០ដុល្លារ Anchor White ៥ កេស និង Anchor Smooth ៥ កេស៕





