បទចោទប្រឆាំងនឹងអតីតខ្សែប្រយុទ្ធក្លឹប Manchester United កីឡាករ Mason Greenwood ត្រូវបានទម្លាក់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
កីឡាកររូបនេះបានចាប់ខ្លួន កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានមានក្ដីក្ដាំរឿងប៉ុនប៉ងរំលោភសេពសន្ថវៈ និងការប្រើប្រាស់អំពើហិង្សាបៀតបៀនប្រឆាំងនឹងសង្សារចាស់របស់ខ្លួន។
សារព័ត៌មានខាងលើបានចុះផ្សាយថា ព្រះរាជអាជ្ញាអង់គ្លេសសម្រេចដូច្នេះដោយសារតែសាក្សីសំខាន់ៗ បានដកខ្លួនចេញពីរឿងក្ដីនេះ ស្របពេលដែលវត្ថុតាងថ្មីៗបានលេចរូបរាងឡើង ។ យ៉ាងណាមិញ ខាងព្រះរាជអាជ្ញាមិនបានបញ្ជាក់ពីមូលហេតុ លម្អិតជាងនេះទៀតទេ ។ រឿងក្ដីនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតបន្ត។
ក្រោយដំណឹងនេះបានផ្សព្វផ្សាយជាសាធារណៈ Greenwood ធូរចិត្ត និងបានអរគុណក្រុមគ្រួសារ និងមិត្តរបស់ខ្លួន ដែលបានជួយគាំទ្រខ្លួននាពេលកន្លងមក។
យ៉ាងណាក៏ដោយ កីឡាកររូបនេះ នៅមិនទាន់ត្រលប់មក Manchester United វិញភ្លាមៗនោះទេ ។ ខាងក្លឹបបានចេញ សេចក្ដីថ្លែងការណ៍ថា ក្លឹបនឹងបន្តត្រួតពិនិត្យលើរឿងនេះបន្ថែមទៀត មុននឹងសម្រេចចិត្តបន្ត ៕