កីឡា

សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបើកវគ្គបណ្តុះបណ្តាល ​ស្តីពីការប្រឆាំងដូពីង ក្នុងវិស័យកីឡា ដល់គ្រូបង្វឹក គ្រូជំនួយ និងអត្តពលិក

ភ្នំពេញ៖ សហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការប្រឆាំងដូពីងក្នុងវិស័យកីឡា ឆ្នាំ២០២២ជូនដល់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិ បានសិក្សា និងស្វែងយល់សម្រាប់ត្រៀមប្រឡង យកសញ្ញបត្រ័ដើម្បីត្រៀមចូលរួម ការប្រកួតអន្តជាតិនាពេលខាងមុខ ដែលប្រព្រឹត្តិចាប់ថ្ងៃទី៤ ដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្ន២០២៣ នៅនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជាបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងដូពីង ក្នុងវិស័យកីឡាឆ្នាំ២០២២ គឺជាវគ្គមួយសំខាន់ណាស់ ដែលសហព័ន្ធរៀបចំឡើងសម្រាប់គ្រូបង្វឹក គ្រូជំនួយ និងក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិទៅតាមអ្វី ដែលសហព័ន្ធកីឡាតេក្វាន់-ដូ ITF អន្តរជាតិតម្រូវឲ្យក្រុមអត្តពលិកទំាងអស់ ត្រូវមានសញ្ញបត្រ័ផ្នែកការប្រឆាំងដូពីង ក្នុងវិស័យកីឡានេះ។ ប្រសិនបើគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិមិនបានសិក្សា និងមានសញ្ញបត្រ័ផ្នែកការប្រឆាំងដូពីង ក្នុងវិស័យកីឡារាល់ចូលរួម ប្រកួតកម្រិតអន្តរជាតិ គេមិនអនុញ្ញាតឲ្យចូលរួមឡើយ។

លោកអគ្គលេខាធិការបន្តថា ចំណុចទី២ ការបណ្តុះបណ្តាលនេះ មានសារសំខាន់ចំពោះក្រុមកីឡាករ-កីឡាការិនី កីឡាតេក្វាន់-ដូ ITF ដើម្បីឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់ថា សារធាតុអ្វីអាចប្រើប្រាស់ ហើយសារធាតុអ្វីមិនអាចប្រើប្រាស់ ដើម្បីជៀសវាងនូវចំណុចមិនល្អ ដូចជាមុនពេល ឬក្រោយប្រកួតគេធ្វើតេស្តិ៍ រកឃើញសារធាតុហាមឃាតក្នុងកីឡា។ ហើយការឃើញសារធាតុហាមឃាតក្នុងកីឡាធ្វើឲ្យយើងខាតបង់អត្តពលិក (ដកចេញពីការប្រកួត) ជាពិសេសធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិទំាងមូលទៀតផង។

លោកបានបន្ថែមទៀតថា សព្វថ្ងៃនេះប្រទេសកម្ពុជា ជាសមាជិកនៃអង្គការប្រឆាំងសារធាតុហាមឃាត ក្នុងកីឡាពិភពលោក “WADA” ដូច្នេះទើបសហព័ន្ធរៀបចំ វគ្គដើម្បីឲ្យគ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនី កីឡាតេក្វាន់-ដូ ITFត្រូវចេះការពារខ្លួនឯង ក្នុងប្រើប្រាស់សរធាតុហាមឃាត ក្នុងកីឡាដើម្បីឲ្យពួកគេ មានភាពជឿជាក់ក្នុងខ្លួន៕ ដោយ៖លី ភីលីព

Most Popular

To Top