ក្លឹបយក្សបារាំង Paris Saint-Germain នៅតែបន្តចរចាបន្តកុងត្រាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi ទោះជាការចរចាជួបនូវភាពលំបាកមួយចំនួនក្ដី។
នាយកផ្នែកកីឡារបស់ក្លឹបលោក Luis Campos បានប្រាប់សារព័ត៌មាន Telefoot កាលពីថ្ងៃអាទិត្យថា ខាងក្លឹបកំពុងតែស្វះស្វែងចរចាបន្តកុងត្រាជាមួយ Messi។
«នៅអំឡុងពេលនេះ យើងកំពុងតែចរចាជាមួយ Messi ពាក់ព័ន្ធនឹងការបន្តកុងត្រារបស់លោក»។ នេះជាការលើកឡើងរបស់លោក Campos។
លោកបានបន្ថែមថា៖ «ខ្ញុំពិតជាចង់បានគេនៅក្នុងគម្រោងរបស់យើងណាស់។ យើងកំពុងតែចរចាជាមួយគេ ដើម្បីសម្រេចបានគោលដៅដែលអាចឱ្យគេបន្តនៅជាមួយពួកយើង»។
ក្រោយពេលអាហ្សង់ទីនឈ្នះ World Cup កាលពីខែធ្នូ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា PSG បានព្យាយាមបន្តកុងត្រាជាមួយ Messi តែមិនទាន់ជោគជ័យ។ យ៉ាងណាមិញ កាលពីពីថ្មីៗនេះមានពាក្យល្ហិចល្ហៀងថា អារ៉ាប៊ីសាអ៊ូឌីតក៏ចង់ចែចូវយក Messi ទៅលេងនៅស្រុកគេផងដែរ៕