ខេត្តកំពង់ធំ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងអគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ពិធីបុណ្យទន្លេលើកទី៧ ធ្វើឡើងនៅខេត្តកំពង់ធំប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ហើយសម្ដេចតេជោ នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកបុណ្យទន្លេ នាល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ។

លោកបានបន្តថា ក្នុងពិធីបុណ្យទន្លេលើកទី៧នេះ នឹងមានព្រឹត្តិការណ៍ និងសកម្មភាព ទាក់ទាញជាច្រើន ដូចជាការផ្សាយផ្ទាល់ នូវការសម្ដែង ទស្សនីយភាពសិល្បៈ និងការប្រគុំតន្រ្តី មហាស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក សកម្មភាពកីឡាលើគោក និងលើទឹក ។ ទំាងនេះមានចំនួន៥ ប្រភេទរួមមានបាល់ទះឆ្នេរខ្សាច់ បាល់ទាត់ឆ្នេរខ្សាច់ រត់កម្សាន្ត ប្រដាល់គុនខ្មែរ និង កីឡាបាល់ទាត់លើតុ Teqball ។

លោករដ្ឋលេខាធិការ បានបន្ថែមទៀតថា លោក ថោង ខុន បានបើកប្រជុំជាមួយអនុគណៈកម្មការទាំងអស់ និងលេខាធិការដ្ឋាន បន្តខិតខំអនុវត្តការងារ របស់ខ្លួនឲ្យបានល្អ ដោយសហការជិតស្និទ្ធ ជាមួយរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងផ្នែកឯកជន សំដៅធ្វើឲ្យព្រឹត្តិការណ៍បុណ្យ ទន្លេនៅខេត្តកំពង់ធំ ក្លាយជាឱកាសដ៏ល្អប្រសើរ សម្រាប់ពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្ត ពិសេសលើកកម្ពស់មុខមាត់ និងកិត្យានុភាពរបស់ខេត្តកំពង់ធំ ៕

