ភ្នំពេញ ៖ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រ ដល់គ្រូបង្វឹកមកពីសាលាបណ្ឌិតសភា នគរបាលកម្ពុជា ដែលបានបញ្ចប់ការសិក្សា វគ្គកម្រិតមធ្យមក្បាច់គុន កីឡាហាប់គីដូ នៅមណ្ឌលកីឡា ក្រសួងមហាផ្ទៃ នៃពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា ។
ក្នុងឱកាសពិធីប្រគល់នេះ ដោយមានការអញ្ជើញពីសំណាក់លោក គួច ហុង ជៀក អនុប្រធានសហព័ន្ធតំណាងឲ្យលោក លោកឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជា និងសិក្ខាកាមទទួលវិញ្ញាបនបត្រ១០នាក់ ។
លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូ និងជាគ្រូបង្វឹក បាននិយាយថា វគ្គកម្រិតមធ្យមក្បាច់គុន កីឡាហាប់គីដូ បានសិក្សារយៈពេល ៣ ខែ ចាប់តំាងពីថ្ងៃ ២៣ ខែមេសា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចំនួន ១០ នាក់មកពីសាលាបណ្ឌិតសភា នគរបាលកម្ពុជា ក្នុងនោះមានស្រី្តមួយនាក់ ។
លោក គួច ហុង ជៀក បានមានប្រសាសន៍ថា សកម្មភាពទំាងនេះ ជាផែនការ មេ របស់សហព័ន្ធ ដើម្បីសម្រួចទិសដៅអភិវឌ្ឍ វិស័យកីឡាហាប់គីដូ ឲ្យកាន់តែរីកចម្រើន បន្ថែមទៀត និងជំរុញឲ្យវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រភេទកីឡាហាប់គី ដូឲ្យខិតខំហ្វឹកហាត់បង្កើន បច្ចេកទេស ដើម្បីអភិវឌ្ឍសមត្ថភាព ឲ្យកាន់តែល្អប្រសើរ ក្នុងការទទួលបាន ឱកាសក្លាយជាគ្រូបង្គោល នាថ្ងៃអនាគត ។
លោកបានបន្តថា សហព័ន្ធខ្វះការឧបត្ថម្ភ សម្រាប់រៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើស ជើងឯកប្រចាំឆ្នាំរបស់ខ្លួន រៀបចំវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹកសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម និងវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ក្នុងពង្រីកក្លិប តាមបណ្តាលខេត្តនានា ក្នុងប្រទេសកម្ពុជា ដោយសាតែសហព័ន្ធ មានតែ៥ក្លិបតែ ដូច្នេះសម្រាប់ផែនការមេអាណត្តិថ្មី ឆ្នាំ២០២០-២០២៤ នឹងខិតខំប្រឹងប្រែង ឲ្យអស់សមត្ថភាពក្នុង ការបង្កើតក្លិប និងវគ្គបណ្តុះបណ្តាល ៕