កីឡា

សិក្ខាកាម ១៤៩ នាក់ចូលរួមសិក្ខាសាលាស្តីពីយុទ្ធសាស្ត្រស្វែងរកឧត្តមភាពការប្រកួតកីឡា SEA GAMES និងអាស៊ានប៉ារ៉ាហ្គេម

ភ្នំពេញ៖លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាងឲ្យ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោកប្រធាននាយកដ្ឋាន លោកអនុប្រធាននាយកដ្ឋាន និងគ្រូបង្វឹក និងគ្រូជំនួយនាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៣បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពីយុទ្ធសាស្ត្រស្វែងរក ឧត្តមភាព ក្នុងការប្រកួតកីឡា SEA GAMES និងអាស៊ានប៉ារ៉ាហ្គេមនៅសាល ប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានប្រាប់ឲ្យដឹងថា ផ្អែកតាមផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ ដំណើរហាត់ហ្វឹកហ្វឺនដល់ក្រុមជម្រើសជាតិ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការ ជាមួយគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិរៀបសិក្ខាសាលា ស្តីពីយុទ្ទសាស្ត្រស្វែងរកឧត្តមភាពក្នុងការប្រកួតកីឡា SEA GAMES និងអាស៊ានប៉ារ៉ាហ្គេមដល់អគ្គលេខាធិការសហព័ន្ធកីឡាជាតិ គ្រូបង្វឹក គ្រូជំនួយជាអ្នក ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការដឹកនាំ គ្រប់គ្រង និងវាយតម្លៃការហាត់ និងបង្ហាត់ក្រុមជម្រើសជាតិ រយៈពេល៤ខែ។

នៅរៀងរាល់ដំណាច់ខែនីមួយៗ ប្រជុំបច្ចេកទេស និងវាយតម្លៃប្រកួតតេស្តិ៍ម្បីវាស់ស្ទង់ សមត្ថភាពបច្ចេកទេសគុណ ផលកីឡា ។


លោកបានបន្តថា សាលានេះមានរយពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ មានសិក្ខាកាមសរុប ចំនួន១៤៩នាក់ ក្នុងនោះជាអគ្គលេខាធិការសហព័ន្ធកីឡាជាតិ គ្រូបង្វឹក គ្រូជំនួយមកពីសហព័ន្ធកីឡាជាតិចំនួន ៤២ និងក្រុមគ្រូបង្វឹកកីឡាជនពិការចំនួន ៣០នាក់ ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹកក្រុមកីឡាជម្រើសជាតិឆ្នាំ២០២៣ រៀបចំយុទ្ធសាស្ត្រយកប្រៀបដណ្តើមមេដាយក្នុងការចូលរួមប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០២៣ និងចូលរួមប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។


លោកប្រធានបានបន្ថែមថា គ្រូឧទ្ទេសរួមមានលោក អ៊ុក សិទ្ធិជាតិ លោក វ៉ាត់ ចំរើន លោក ប៉ុន សុខ លោក សំ សុខយី លោក ព្រំ វណ្ណារឿន លោកស្រី លឿង សូផានណារ៉េត លោក ប៉ឹង សារ៉េត និង លោក លន់ ចន្ធូ។

ក្នុងនាមគណៈគ្រប់គ្រងវគ្គ ខ្ញុំសូមសំណូមពរ ដោយទទូចដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ស្តាប់ក្រេបយកចំណេះដឹងវិទ្យាសាស្រ្តកីឡាថ្មីៗ ព្រមទាំងចែករំលែកបទពិសោធន៏ល្អៗឲ្យគ្នាទៅវិញទៅមក ដើម្បីយកទៅរៀបចំផែនការ និងអនុវត្តក្នុងការបង្ហាត់ដើម្បីស្វែងរកឧត្តមភាព ឲ្យសម្រេចបានគុណផលល្អ ហើយ ឈានទៅដណ្តើមយកមេដាយជូនជាតិ ក្នុងការទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងចូលរួមប្រកួតកីឡាលក្ខណៈអន្តរជាតិនានា។

Most Popular

To Top