ខេត្តកំពង់ធំ ៖ លោក យិន សាមឌី ប្រធានគ្រប់គ្រង កម្មវិធីបាល់របស់អង្គការផ្កាយសមុទ្រ បាននិយាយថា ព្រឹត្តិការណ៍ការប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League លើកទី២ប្រចាំឆ្នាំនេះមានក្រុមកីឡាករ-កីឡាការិនី បាល់ទាត់កុមារ និងយុវជនចំនួន ៣៦០នាក់មកពី ៣០ក្រុមនៅទីរួមខេត្តកំពង់ធំ ក្រោមការសហការ រវាងអង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុន AIA Cambodia ដើម្បីឲ្យពួកគេបញ្ចេញ សមត្ថភាព និងអស់ពីកម្លាំងកាយចិត្តក្នុង ការប្រកួតមិត្តភាពមួយនេះ ។

លោក យិន សាមឌីបានបន្ត ឆ្នាំ នេះគឺជាឆ្នាំទី៦ ហើយក្រុមហ៊ុន AIA Cambodia បានជួយឧបត្ថម្ភគាំទ្រដល់ការ រៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់វិល ជុំថ្នាក់មូលដ្ឋាន ដ៏ធំបង្អស់មួយ នៅប្រទេសកម្ពុជា ចាប់តាំងពីការកកើតឡើង នៃកិច្ចសហការមួយនេះ ស្ថាប័នទាំងពីរនេះ បានកត់សម្គាល់ឃើញថា ឱកាសចូលរួមប្រកួតប្រជែង ក្នុងកីឡាគឺពិតជាកម្រខ្លាំងណាស់ សម្រាប់កុមារ និងយុវជនកម្ពុជា ។

ដោយឡែកការរៀបចំព្រឹត្តិការណ៍ ប្រកួតនេះនៅតាមខេត្តនឹងផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីជាង១,៥០០នាក់ក្នុងការចូលរួមប្រកួតប្រជែង ដោយជួយកាត់បន្ថយការធ្វើដំណើរផ្លូវឆ្ងាយ សម្រាប់ពួកគេ ហើយការឧបត្ថម្ភ គាំទ្រ និងការប្តេជ្ញាចិត្តចំពោះការលើកកម្ពស់ ជីវិតកាន់តែប្រសើររបស់ក្រុមហ៊ុននេះ បានរួមចំណែកក្នុងការរីកលូតលាស់ នៃព្រឹត្តិការណ៍ប្រកួតបាល់ ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះ ។

លោក ឃឹម ស្រេង ប្រធានការិយាល័យអប់រំកាយ និងកីឡា ខេត្តកំពង់ធំបាននិយាយថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់នេះ បានជួយលើកទឹកចិត្តឲ្យកុមារ និងយុវជនចាប់ផ្តើមលេងកីឡា និងក្លាយជាពលរដ្ឋមានសុខភាពល្អទាំងផ្លូវចិត្ត និងកាយនាថ្ងៃអនាគត ដែលវាក៏ស្របទៅ នឹងបេសកកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។

លោក ឡុច រ៉ែន ជា នាយកអភិវឌ្ឍន៍អាជីវកម្ម របស់ក្រុមហ៊ុន AIA Cambodia បាននិយាយថា នេះគឺជាលើកដំបូងហើយដែលអង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុន AIA Cambodia រៀបចំការប្រកួតបាល់ទាត់វិលជុំ នៅទីរួមខេត្តកំពង់ធំ ។ ពួកយើង ពិតជា មានក្តីសោមនស្ស ក្នុងការសហការ ជាមួយនឹងអង្គការនេះ ដើម្បីជួយកសាងអនាគត ដ៏ល្អប្រសើរមួយសម្រាប់កុមារ និង យុវជនក្រីក្រ តាមរយៈកីឡា ។ ក្រៅពីអត្ថប្រយោជន៍ របស់កីឡាចំពោះសុខភាព វាក៏ជួយលើកកម្ពស់ការធ្វើការ ជាក្រុម សមភាព និង សាមគ្គីភាពទៀតផង ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅខេត្តកំពង់ធំ នឹងប្រព្រឹត្តទៅរយៈពេលប្រាំបីសប្តាហ៍ជាប់គ្នា ។ ក្រុមឈ្នះក្នុងការប្រកួតនេះនឹង ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃទី១១ ខែមិថុនានៅរាជធានីភ្នំពេញ ៕

