ភ្នំពេញ ៖ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣បាន ប្រកាសបើកការប្រកួតកីឡា តុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២ជាផ្លូវការនៅ FFWPU-Cambodia ដោយមានការចូល រួមពិធីនេះ ពីសំណាក់លោក ប៊ើណាតដឹណូ ជីវីឡាគេនតេ ប្រធានសហព័ន្ធកីឡាតុងហ្គីល ម៉ូដូប្រចាំអាស៊ីប៉ាស៊ីហ្វិក និងលោក ចំរើន សុផល អនុប្រធានតំណាង ឲ្យលោកបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធ កីឡាតុងហ្គីលម៉ូដូកម្ពុជា ។
លោក ចំរើន សុផល បាននិយាយថា ប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពន្លឿន ការអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនៅ FFWPU-Cambodia ដោយមានកីឡាករ-កីឡាការិនី ចូលរូមចំនួន ១៣៥ នាក់ និងគណៈប្រតិភូ ព្រមទំាងគ្រូបង្វឹកចំនួន ២៨នាក់មកពី ១៧ ក្លិប ៤ រាជធានីខេត្ត នៅទូទាំងប្រទេសកម្ពុជា ។
លោកបានបន្តថា វិញ្ញាសាប្រកួតមាន ៤ធំៗ រួមមានវិញ្ញាសាមេគុន ៖មេគុនឯកត្តជនបុរស និងមេគុនឯកត្តជននារី វិញ្ញាសាសម្តែងបច្ចេកទេស ពិសេស (តាមចង្វាក់ភ្លេង)បុរស-នារី និងកុមារ (៣នាក់ ) វិញ្ញាសាប្រយុទ្ធឯកត្តជនបុរស-នារីរួមមានវិញ្ញាសានារី ប្រភេទទម្ងន់ ៤៥ គ.ក្រ ប្រភេទទម្ងន់ ៥០ គ.ក្រ ប្រភេទទម្ងន់ ៥៥ គ.ក្រ ប្រភេទទម្ងន់ ៦០ គ.ក្រ និងប្រភេទទម្ងន់សេរី។
ចំណែកវិញ្ញាសាបុរស ប្រភេទទម្ងន់ ៥៥ គ.ក្រ ប្រភេទទម្ងន់ ៦០ គ.ក្រ ប្រភេទទម្ងន់ ៦៥ គ.ក្រ ប្រភេទទម្ងន់ ៧០ គ.ក្រ និងប្រភេទទម្ងន់សេរី និងវិញ្ញាសាប្រយុទ្ធជាក្រុម -កុមារ អាយុ១៤ឆ្នាំ (៣នាក់)៕