ភ្នំពេញ៖នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ព្រឹត្តិការណ៍ការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ ២០២២បានបញ្ចប់ជាផ្លូវការនៅ FFWPU-Cambodia ដោយមានការរៀបចំពីសហព័ន្ធកីឡតុងហ្គីលម៉ូដូកម្ពុជា ក្រោមប្រើប្រាស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសពិធីបិទនេះដោយមានការចូលរួមពីសំណាក់ លោកបណ្ឌិត ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា លោក ប៊ើណាតដឹណូ ជីវីឡាគេនតេ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូប្រចាំអាស៊ីប៉ាស៊ីហ្វិក។

លោក ប៉ែន សម្បត្តិ អគ្គលេខាធិការ បាននិយាយថា ប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២២ ក្រោមការប្រើប្រាស់ថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាសម្រាប់ពន្លឿនការអភិវឌ្ឍស ហព័ន្ធកីឡាជាតិដែល ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅនៅ FFWPU-Cambodia ដោយមានកីឡាករ- កីឡាការិនី ចូលរួម ចំនួន ១៣៥ នាក់ និងគណៈប្រតិភូ ព្រមទំាងគ្រូបង្វឹកចំនួន ២៨នាក់មកពី ១៧ ក្លិប ៤ រាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា។

លោកបណ្ឌិត ជ័យ ចាប បានមានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះការប្រកួតកីឡាតុងហ្គីល ម៉ូដូជ្រើសរើស ជើងឯកប្រចាំឆ្នាំ ២០២២ ដែលបានដំណើរការពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយប្រើប្រាស់កញ្ចប់ថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសកោតសរ សើរចំពោះគណៈកម្មការ លោកគ្រូ កីឡាករ- កីឡាការិនី ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទ កីឡាជំនាញនេះឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

លោកបានបន្តថា កម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិមានការរីកចម្រើន ដែលធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយសារក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ហើយសម្តេចបានចាត់ទុកការងារអប់រំកាយ និងកីឡា កំពុងដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ «កីឡាកសាងមនុស្ស មនុស្សកសាងសង្គម»៕
