ភ្នំពេញ៖នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកឧត្តមសេនីយ៍ទោ និន ភិរម្យ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងទុយ ប៊ុនហឿន អនុប្រធាននាយក អប់រំកាយ និងកីឡាបានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ កម្រិតមធ្យម ឆ្នាំ២០២៣នៅប្រជុំមជ្ឈមណ្ឌល កីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងបណ្តុះបណ្តាល អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរដែលឈប់ការប្រកួតចង់ ធ្វើជាអាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរបន្ត ព្រមទាំងពង្រឹងបន្ថែម លើសមត្ថភាព អាជ្ញាកណ្តាល និងចៅក្រម ដើម្បីត្រៀមការរៀបចំការប្រកួតកីឡាជាតិលើកទី៣ នាពេលខាងមុខ ដោយមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកបានបន្តថា សិក្ខាកាមមានចំនួន៣៦រូបក្នុងមាន២រូបជានារី ក្រៅពីនោះជាអតីតកីឡាករប្រដាល់ល្បីៗ។ វគ្គនេការសិក្សា ផ្ដោតសំខាន់ទៅលើបច្ចេកទេស និងក្រមសីលធម៌ ចំពោះអ្នកដែលបានឆ្លងវគ្គសិក្សានេះ បានទទួលវិញ្ញាបនប័ត្រដែលមានតម្លៃសម្រាប់ការចូលរួមបំពេញការងារក្នុងការប្រកួតប្រដាល់គុនខ្មែរ។

វគ្គនេះគឺចំណាយថវិការបស់ក្រសួងអប់រំយុវជន និង កីឡា ហើយសិក្ខាកាមដែលភាគច្រើនជាគរុសិស្ស មកពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានោះសុទ្ធតែជាអ្នកមានចំណេះ ដឹងខាងកីឡាខ្ពង់ខ្ពស់ហេតុនេះ ពួកគេងាយនឹងទទួលយកនូវពុទ្ធិថ្មីៗទាំងអស់៕

