ភ្នំពេញ ៖ នាថ្ងៃទី២០ ខែកម្ភៈ ឆ្នាំ ២០២៣ លោក ដួង មាសចំរើន អនុប្រធានសហព័ន្ធអត្តពលកម្មកម្ពុជាតំណាងឲ្យលោក សំហេង បុរស ប្រធានសហព័ន្ធ និង Cuddikota Valson ជាគ្រូឧទ្ទេសផ្នែកមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកពីប្រទេសឥណ្ឌា លោកជាប្រធានប្រតិភូ បច្ចេកប្រចាំ តំបន់អាស៊ី និងជា សមាជិកមន្ត្រីបច្ចេកទេស ពិភពលោកបានអញ្ជើញ ចូលរួមបើកវគ្គបណ្តុះបណ្តាល មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា។
លោក បូ ពុធរាត្រី អគ្គលេខាធិការសហព័ន្ធអត្តពលកម្មកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម អន្តរជាតិកម្រិត១ ដែលមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី២០ ដល់ ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ មានអ្នក ចូលរួមចំនួន៥០ នាក់ ស្រីចំនួន២៤នាក់ ។ អ្នកចូលរួមមកពី តាមបណ្តារាជធានីខេត្តចំនួន១៥ ក្នុងនោះមានគរុសិស្ស ដែលកំពុងតែសិក្សា នៅវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា – លោកគ្រូអ្នកគ្រូអប់រំកាយនិងកីឡា និងមន្ត្រីកីឡា ដែលបម្រើការងារក្នុងអង្គភាព ចំណុះអគ្គ នាយកដ្ឋានកីឡាផងដែរ ។
លោក ដួង មាសចំរើន បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណដល់លោក Cuddikota Valson ជាគ្រូឧទ្ទេសផ្នែកមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមអន្តរជាតិ មកពីប្រទេសឥណ្ឌា លោកជាប្រធានប្រតិភូ បច្ចេកប្រចាំតំបន់អាស៊ី និងជា សមាជិកមន្ត្រីបច្ចេកទេសពិភពលោក នេះជាលើកទី២ ហើយដែលលោកបានមកចូលរួមរៀបចំ វគ្គបណ្តុះបណ្តាល ផ្នែកមន្ត្រីបច្ចេកទេសនេះ ។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺការបង្កើនធនធានមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ជាតិ អន្តរជាតិ ជាតម្រូវការចាំបាច់ សម្រាប់ចូលរួមក្នុងការប្រកួតកីឡា អាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លើប្រភេទកីឡាអត្តពលកម្ម ។
លោកអនុប្រធានបន្តថា ខ្ញុំសង្ឃឹមថា ក្នុងវគ្គបណ្តាលនេះអ្នកចូលរួមទាំងអស់នឹងខិតខំ ប្រឹងប្រែងសិក្សាស្វែងយល់នូវចំណេះដឹង បទពិសោធន៍ថ្មីៗទាំងទ្រឹស្ដី និងអនុវត្តនៅលើទីលាន ជាមូលដ្ឋាន និងជា ទុនសម្រាប់បំពេញការងារភារៈកិច្ចជាក់ស្ដែង ហើយក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះលោកគ្រូអ្នកគ្រូ ប្អូនៗ ក្មួយ នឹងមានសមត្ថភាព អាចយកទៅប្រើប្រាស់ ក្នុងការរៀបចំការប្រកួតថ្នាក់មូលដ្ឋាន ថ្នាក់ជាតិនិងថ្នាក់អន្តរជាតិក្នុង ព្រឹត្តិការណ៍កីឡាអាស៊ី អាគ្នេយ៍ដែលកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះទទួលបាន ជោគជ័យផងដែរ៕