កូនប្រុសអតីតនាយករដ្ឋមន្ត្រីកាតា លោក Sheikh Jassim Bin Hamad Al Thani បានដេញថ្លៃទិញក្លឹប Manchester United កាលពីថ្ងៃសុក្រ ដែលជាថ្ងៃដែលម្ចាស់ក្លឹបបិសាចក្រហម គ្រួសារត្រកូល Glazer ឈប់ទទួលពាក្យដេញថ្លៃ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មានកាតា Al Jazeera។
Sheikh Jassim ជាប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឥស្លាមកាតា (QIB) ដែលជាធនាគារដ៏ធំមួយនៅក្នុងប្រទេសកាតា។ លោកបានធានាថា ធនាគាររបស់លោកមិនជាប់ពាក់ព័ន្ធ នឹងអាជ្ញាធរវិនិយោគកីឡាកាតា (QSI) ដែលជាក្រុមហ៊ុនរដ្ឋកាន់កាប់ក្លឹបយក្សបារាំង Paris Saint-Germain នោះទេ។
បន្ថែមពីនេះទៅទៀត លោកបានសន្យាបំបាត់បំណុល រាប់រយលានដុល្លាររបស់ក្លឹប ក៏ដូចជាអភិវឌ្ឍឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានារបស់ក្លឹប។
សារព័ត៌មាន Sky Sports បានចុះផ្សាយថា ការដាក់ដេញថ្លៃរបស់ជនជាតិកាតាមួយនេះ ជាការដេញថ្លៃដ៏ល្អជាងគេ៕ Source: Sabay