ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ឌៀង សារុន នាយរងសេនាធិការចម្រុះ ខ.ភ.ម មេបញ្ជាការរង បញ្ជាការរដ្ឋានអង្គរក្ស និងលោក អ៊ូ តារា អគ្គលេខាធិការរងតំណាងឲ្យលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោអបអរសាទរកម្មវិធីបិទ-បើកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAME លើកទី១២ ឆ្នាំ២០២៣នៅកម្ពុជា។
លោក អ៊ូ តារា បាននិយាយថា សិក្ខាកាមទំាងអស់ធ្លាប់ចូលរួមសម្តែងម្តងហើយនៃព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣ទៅតាមទម្រង់ល្បុក្កតោទទួលបានការសរសើរពីថ្នាក់ដឹកនាំដែលបានចូលរួមក្នុងពិធីនោះ ដូច្នេះសហព័ន្ធនៅតែបន្តជួយហ្វឺកហាត់ដោយគ្រូបង្វឹក និងកីឡាករ-កីឡាការិនីល្បុក្កតោ និងភាគីចិនដើម្បីឲ្យការសម្តែងកាន់តែល្អប្រសើរជាងព្រឹត្តិការណ៍ការប្រកួតកីឡាជាតិលើកទី៣។សិក្ខាកាមទំាងអស់មានចំនួន ១២០០ នាក់ ។
លោកបានបន្តថា ចាប់ពីពេលនេះទៅនៅសល់ ៧២ ថ្ងៃដល់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣២ និង ASEAN PARA GAME លើកទី១២ដូច្នេះយើងធ្វើការហ្វឹកហាត់ដើម្បីទស្សនីយភាពកាន់អស្ចារ្យក្នុងពិធីបើកជាផ្លូវការ ហើយការសម្តែងនេះយើងចែងចែកចេញជា ២ផ្នែកធំៗគឺ១ ទស្សនីយភាពសម័យអង្គរក្នុងភាពរុងរឿងសម័យអង្គរ និងទី១ល្បុក្កតោសម័យទំនើបជាមួយបច្ចេកិទ្យា LED។