ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ ២ នាក់ ដែលជាម្ចាស់មេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡាប៉េត់ង ពិភពលោក ២០២២ “The World Championship Single, Doubles and Mixed Doubles 2022” នៅប្រទេសដាណឺម៉ាក ទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តពីរដ្ឋាភិបាលចំនួន ៤៥ លានរៀល ។
ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាតំណាង លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក ស៊ុម សុជាតិ អនុប្រធាន តំណាង លោកសុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នាំយកប្រាក់រង្វាន់ លើកទឹកចិត្ត ជូនដល់គ្រូបង្វឹក និងកីឡាករ ទទួលបានជ័យលាភី ។
ម្ចាស់មេដាយសំរិទ្ធ ការប្រកួតពិភពលោក ឆ្នាំ២០២២ រួមមានលោកគ្រូ អ៊ុក យ៉ារី និងកីឡាករ ភាព វ៉ាឃីម និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ាទទួលប្រាក់រង្វាន់ លើកទឹកចិត្តក្នុងមួយម្នាក់ចំនួន ១៥ លានរៀល សរុបចំនួនចំនួន ៤៥ លានរៀល។ ការប្រកួត The World Championship Single, Doubles and Mixed Doubles 2022 បានព្រឹត្តទៅនៅថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ដែលមាន ៤០ប្រទេសចូលរួម ស្មើនឹង៤១ក្រុម (ម្ចាស់ផ្ទះ ២ក្រុម) ប្រកួតលើ ៥វិញ្ញាសា ។
ដោយកម្ពុជាបានចាត់បញ្ជូនប្រតិភូ ១រូប គ្រូបង្វឹក ២រូប កីឡាការិនី ២រូប និងកីឡាករ ២រូប សរុប ៧រូប។ ជាលទ្ធផលកម្ពុជាទទួលបានជ័យលាភីមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសា បុរស ២ទល់២ ដោយកីឡាករ ភាព វ៉ាឃីម និង កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា ដែលជាភាពជោគជ័យគួរជាទីមោទកៈ៕