ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាប្រដាល់គុនខ្មែរ ដែលប្រមូលផ្តុំកីឡាករ-កីឡាការិនីគុនខ្មែរកម្រិត B និង C ដំបូងនៅប្រទេសមានរហ័សនាម “FAFA Kun Khmer War of Kingdoms” នឹងចាប់ផ្តើម ការប្រកួតជាផ្លូវការ នៅលើសង្វៀន TOWN ក្រោមការសហការរវាងក្រុម Cambodia Top Team និងស្ថានីយទូរទស្សន៍ថោន ដោយមានការគាំទ្រ ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ។
ក្នុងឱកាសពិធីសន្និសារព័ត៌មាន ប្រកាសការប្រកួតនាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង នៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអនុប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងលោក ហ៊ុន ចាន់រាជ ប្រធានក្រុម Cambodia Top Team និងអ្នកគ្រប់គ្រងការប្រកួត“FAFA Kun Khmer War of Kingdoms” ។
លោក ហ៊ុន ចាន់រាជ បាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ“FAFA Kun Khmer War of Kingdoms”នឹងធ្វើការប្រកួតនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២៣នៅលើសង្វៀន TOWN ដោយមានកីឡាករ-កីឡាការិនីគុនខ្មែរកម្រិត B និង Cរបស់កម្ពុជា ៧ នាក់ប៉ះជាមួយកីឡាករ-កីឡាការិនី កម្រិតB និងCថៃ៧នាក់ ដូចគ្នា ក្នុងនោះក៏មានកីឡាការិនី ២រូបដូចគ្នា ។ រូបមន្តការប្រកួតខាងលើនេះ កីឡាករ-កីឡាការិនីទំាងអស់ ប្រសិនបើក្រុមកីឡាករ -កីឡាការិនីឈ្នះ៤នាក់នឹងទទួលបានពានរង្វាន់តែម្តង។
លោកបន្តថា ការប្រកួតនេះធ្វើឡើងដើម្បីជួយដល់កីឡាករ-កីឡាការិនី កម្រិត B និង C ដែលមានពុំសូវមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងពិភពគុនខ្មែរ និងជួយអភិឌ្ឍនកីឡាប្រដាល់គុនខ្មែរបន្ថែមទៀត និងផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរ កម្រិតទំាងមានការប្រកួតច្រើន ។
លោក ទុយ ប៊ុនហឿន បានមានប្រសាសន៍ថា តាំងនាមឲ្យប្រធានសហព័ន្ធកីឡាគុនខ្មែរ និងរូបលោកផ្ទល់សូមគាំទ្រពេញទំហឹងចំពោះលោក ហ៊ុន ចាន់រាជ ប្រធានក្រុម Cambodia Top Team និងអ្នកគ្រប់គ្រងការប្រកួត “FAFA Kun Khmer War of Kingdoms” ក្នុងគោលបំណងអភិឌ្ឍន និងគាំទ្រកីឡាគុនខ្មែរ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី គុនខ្មែរកម្រិត B និង Cរបស់កម្ពុជាផ្លាស់ប្តូរបច្ចេកទេស និងដកស្រងបទពិសោធន៍ ព្រមទំាងជួយផ្សព្វផ្សាយកីឡាគុនខ្មែរលើឆាកជាតិ និងអន្តរជាតិ ឲ្យកាន់តែមានភាពល្បីល្បាញ បន្ថែមទៀត៕