ភ្នំពេញ៖នាថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៣ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញបើកកិច្ចប្រជុំគណៈកម្មការ រៀបចំការប្រកួត មន្តី្របច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមដើម្បីត្រៀមខ្លួន ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅស្ថានីយ៍ទូរទស្សន៍ថោន។
លោក ហេង សុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២មានក្លិបប្រដាល់គុនខ្មែរចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនី ចំនួន ១១១ នាក់ រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ការប្រកួតជើងឯកឆ្នាំនេះ សហព័ន្ធនឹងកំណត់គណៈកម្មការបច្ចេកទេស តាមគោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡាចំនួន៣០ ទៅដល់៤០នាក់ ដើម្បីព ង្រឹងសមត្ថភាព មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ ត្រៀមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។ លោកត្រូវការមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសមត្ថភាព ច្បាស់លាស់៕ ដោយ៖លី ភីលីព



