ភ្នំពេញ ៖នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសបើកការប្រកួតកីឡាប៊ូល និងប៉េតង់ខេត្តកណ្តាលដើម្បីអបអរសាទរខួបលើកទី១១២ ទិវាអន្តរជាតិនារី០៨មីនា២០២៣ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងសម័យឌីជីថល» នៅតាមទីលានរបស់មន្ទីរ។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា តាមរយៈកម្មវិធីប្រកួតនេះ លោកបានចាត់ទុកជាផ្នែកមួយ ដើម្បីបង្ហាញការគោរពសិទ្ធិស្ដ្រី ជាមួយរាជរដ្ឋាភិបាល ដ្បិតនៅកម្ពុជា មិនថាក្នុងវិស័យកីឡា គឺស្ដ្រីមានការងារគ្រប់ទីកន្លែង មិនថាក្នុងជួររាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ និងវិស័យឯកជន ពោលគឺស្ដ្រីខ្មែរ មានភាពខ្លាំងពូកែ ជាក់ស្ដែងក្នុងវិស័យកីឡាទៀតសោត កីឡាការិនីតែងដណ្ដើមមេដាយមានជូនជាតិជារឿយៗ មិនចាញ់កីឡាករឡើយ ។
លោកបន្ដថា នេះគឺជាការបង្ហាញភាពខ្លាំង និងភាពជឿលឿនរបស់ស្ដ្រីខ្មែរថា ពួកគាត់ក៏អាចធ្វើបាន មិនមែនដូចពាក្យគេនិយាយថា ស្ដ្រីបង្វិលចង្ក្រាន្ដមិនជុំនោះទេ ប៉ុន្ដែស្ដ្រីសម័យឌីជីថល សម័យទំនើប សម័យសន្ដិភាព គឺពួកគាត់អាចធ្វើបាន ជាក់ស្ដែងក្រៅពីហ្វឹកហាត់កីឡា ពួកគាត់ក៏មានភារកិច្ចធ្វើការងារផ្ទះ ធ្វើម្ហូប មើលកូន និងការងារជាច្រើនទៀត ដែលលើសពីអ្វីដែលបុរសធ្វើបានទៅទៀត។
ក្នុងន័យនេះ លោកបានជំរុញ និងលើកទឹកចិត្តឲ្យមានការគោរពឲ្យតម្លៃស្ដ្រី ពិសេសស្ដ្រីក្នុងវិស័យកីឡា ដែលទាមទារការលើកទឹកចិត្ដខ្លាំង ទោះបីទទួលបានលទ្ធផលបែបណាក៏ដោយ ព្រោះពួកគេបានលះបង់ច្រើនណាស់ ក្នុងការជម្នះរណាំងគ្រួសារ និងសង្គម ដើម្បីវិស័យកីឡា ដើម្បីលើកមុខមាត់ប្រទេសជាតិ ពិសេសដើម្បីត្រៀមឆ្ពោះទៅរកភាពជោគជ័យក្នុងការប្រកួតSEA GAMES ឆ្នាំ២០២៣ នាពេលដ៏ខ្លីខាងមុខ ៕ដោយ៖លី ភីលីព




