ភ្នំពេញ ៖ នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោកឧញ្ញ៉ា ស្រី ចាន់ថន បានអញ្ជើញចូលរួមបិទ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើស រើសជើងឯកប្រចាំឆ្នាំ២០២២ ដែលប្រព្រឹត្តចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ។
ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែររបស់ក្រសួង ការពារជាតិដណ្តើមបានជើងឯកប្រចាំឆ្នាំ បន្ទាប់ពីក្រុមនេះទទួលបានមេដាយមាស រហូតដល់ ៨ គ្រឿង ខណៈក្រុមកីឡាករ -កីឡាការិនីប្រដាល់គុនខ្មែរ របស់ក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ត្រឹមតែ ២គ្រឿងប៉ុណ្ណោះ ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធ កីឡាប្រដាល់គុនខ្មែរបានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២២មានក្លិបប្រដាល់គុនខ្មែរចំនួន ១០ ចូលរួម និងមានកីឡាករ-កីឡាការិនីចំនួន ១១១ នាក់ រួមមានក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ភ្នំពេញ ខេត្តកណ្តាល ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តមណ្ឌលគីរី ខេត្តសៀមរាប និងខេត្តស្វាយរៀង ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និង ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែង ការកោតសរសើរ និងថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡាបានជួយឧបត្ថម្ភ គាំទ្រ ទាំងផ្នែកឯកសារគតិយុត្តិ និងថវិកាគាំទ្រ ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជារៀងរាល់ឆ្នាំលើផ្នែកការងាររដ្ឋបាល ការងារបណ្តុះបណ្ដាល និងការងាររៀបចំការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំតាំងពីឆ្នាំ២០១៧ រហូតមក ។ មកទល់នឹងពេលនេះ បានធ្វើឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានរីកចម្រើន និងទទួល បាននូវគុណផលកីឡា ជាបន្តបន្ទាប់រហូតមក ។
សម្រាប់លទ្ធផលប្រកួតរួមមានក្រសួងការពារជាតិដណ្តើមេដាយមាស ៨ គ្រឿង និងប្រាក់ ២ គ្រឿង ក្រសួងមហាផ្ទៃដណ្តើមេដាយមាស ២ គ្រឿង ប្រាក់ ៥ គ្រឿង និងសំរិទ្ធ ៣ គ្រឿង ខេត្តស្វាយរៀងដណ្តើមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ៥ គ្រឿង និងខេត្តព្រៃវែងដណ្តើមេដាយមាស ១ គ្រឿង ប្រាក់ និងសំរិទ្ធ ២ គ្រឿង។
ចំណែកខេត្តមណ្ឌលគិរីដណ្តើមេដាយមាស ១ គ្រឿង ខេត្តបន្ទាយមានជ័យ ដណ្តើមេដាយប្រាក់ ២ គ្រឿង និងសំរិទ្ធ ២ គ្រឿង ខេត្តបាត់ដំបងដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៦ គ្រឿង និងខេត្តកណ្តាល ដណ្តើមេដាយប្រាក់ ១ គ្រឿង និងសំរិទ្ធ ៤ គ្រឿង ៕