នាយកប្រតិបត្តិក្លឹប Inter Milan លោក Giuseppe Marotta បាននិយាយថា ខែ្សប្រយុទ្ធ Romelu Lukaku នឹងចាកចេញទៅលេងឲ្យ Chelsea វិញ នៅរដូវកាលក្រោយ។
ក្នុងថ្ងៃនេះ លោក Marotta បានប្រាប់អ្នកសារព័ត៌មានថា កិច្ចសន្យាខ្ចីជើងរវាង Inter និង Chelsea ទាក់ទិននឹង Lukaku នឹងបញ្ចប់នៅថ្ងៃ ៣០ មិថុនាខាងមុខ។ លោកបន្តថា Lukaku មានបញ្ហារបួសច្រើនដែលធ្វើឲ្យកីឡាករបែលហ្សិកមិនអាចទម្រង់លេងកម្រិតកំពូលបាន ដូចកាលពីមុន។
Lukaku បានបង្ហាញទម្រង់លេងយ៉ាងល្អ ពេលលេងឲ្យ Inter កាលពីឆ្នាំ ២០១៩-២០២១។ កីឡាករស៊ុតចូល ៤៧ គ្រាប់ក្នុងចំណោម ៧២ ប្រកួត។ ទម្រង់ល្អនេះ ធ្វើឲ្យតោខៀវ Chelsea ចាប់អារម្មណ៍ ហើយផ្ទេរ Lukaku ពី Inter ក្នុងតម្លៃជាង ១០០ លានផោន កាលពីទីផ្សាររដូវក្ដៅឆ្នាំ ២០២១។
ពេលទៅលេងនៅ Chelsea កីឡាករបែលហ្សិកធ្លាក់ទម្រង់លេង ហើយស៊ុតបានតែ ៨ គ្រាប់ក្នុងចំណោម ២៦ ប្រកួត។ កាលពីចុងខែមិថុនា ២០២២ បានត្រលប់មកចូលរួម Inter ក្នុងនាមជាកីឡាករខ្ចីជើង។ ទោះជាយ៉ាងណា កីឡាកររូបនេះហាក់មានការលំបាកក្នុងការស្វែងរកទម្រង់លេងកំពូលរបស់ខ្លួន ដោយមួយផ្នែកធំគឺដោយសារបញ្ហារបួស។ Lukaku លេងបានតែ ១៤ ប្រកួត ហើយស៊ុតចូលបាន ៣ គ្រាប់ ប៉ុណ្ណោះក្នុងរដូវកាលនេះ៕