ភ្នំពេញ ៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships ជាការស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេស ទំាងវិញ្ញាសាប្រយុទ្ធ និងមេគុនរបស់កីឡាករ -កីឡាការិនីជម្រើសជាតិ វ៉ូវីណាមកម្ពុជាទំាងអស់គ្នា និងមន្រ្តីចៅក្រមកម្ពុជា ។

សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា សហការជាមួយ សហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ រៀបចំសន្និសីទសារព័ត៌មាន ស្តីពីការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើង ឯកអាស៊ីអាគ្នេយ៍ លើកទី៦ (The 6th Southeast Asian Vovinam Championships) នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង២រសៀល នៅសាលប្រជុំធំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ គ្រោងរៀបចំធ្វើឡើងនៅកម្ពុជា ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។

លោក អ៊ូ រតនា បានមានប្រសាសន៍ថា ការប្រកួតកីឡា វ៉ូវីណាម ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ កម្ពុជាបានបញ្ជូនកីឡាករ -កីឡាការិនីជម្រើសជាតិវ៉ូវីណាមកម្ពុជា ចំនួន ២៧ នាក់ដែលមាន៧ ប្រទេសលើ ៣០ វិញ្ញាសាដូចព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះដែរ ។

លោកប្រធានបន្តថា ចំពោះក្រុមអត្តពលិក ទទួលលទ្ធផលបានល្អ យើងនឹងជំរុញបន្ថែមចូល រួមការប្រកួតកីឡា SEA GAMES 2023 ប៉ុន្តែប្រសិនបើកីឡាករ -កីឡាការិនី ណាមួយទទួលលទ្ធផលមិនល្អទេ គណៈកម្មការបច្ចេកទេស សហព័ន្ធនឹងធ្វើការដោះដូរពួកគាត់ ដោយសារសហព័ន្ធ មានកីឡាករ- កីឡាការិនី បម្រុងទុកជាច្រើនរូបទៀត ។ កីឡាវ៉ូវីណាមនាពេលនេះ មិនដូចកាល ១០ ឆ្នាំមុនឡើយ ហើយបច្ចុប្បន្ននេះ មានក្រុមអត្តពលិកច្រើន ដូច្នេះលោកសង្ឃឹមថា ក្រុមអត្តពលិកជាង៣០នាក់ នឹងទទួលបានលទ្ធផលល្អ ។

លោក អ៊ូ រតនា បានបន្ថែមទៀតថា ការប្រកួតខាងលើកនេះ ផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី ជម្រើសជាតិ វ៉ូវីណាមកម្ពុជាចេះត្រូវត្រៀមខ្លួន ឲ្យល្អប្រសើរមុនឈានជើង ទៅដល់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ក្នុងនាមជាម្ចាស់ផ្ទះ។ ហើយផ្តល់អត្តប្រយោជន៍ដល់មន្រ្តីអាជ្ញាកណ្តាល ចៅក្រម គណៈកម្មការរៀបចំការប្រកួត និងគណៈកម្មការរៀបចំ ទីលានកាន់តែប្រសើរឡើង៕
