អ៊ីស្តង់ប៊ុល៖ នេះបើយោងតាមសមាគមក្លឹបអឺរ៉ុប (ECA) បានបញ្ជាក់កាលពីម្សិលមិញថា FIFA នឹងចំណាយថវិកាសរុប ៣៥៥ លានដុល្លារអាមេរិកដល់ក្លិបនានា សម្រាប់ការបញ្ជូនកីឡាករបាល់ទាត់ជម្រើសជាតិ តាមប្រទេសរៀងៗខ្លួនរបស់ក្លិបឲ្យទៅចូលរួមការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ និង២០៣០ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។
ECA បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធាន FIFA លោក Gianni Infantino និងប្រធាន ECA លោក Nasser Al-Khelaifi បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងពួកគេនៅក្នុងមហាសន្និបាត ECA លើកទី ២៩ នៅទីក្រុង Budapest ប្រទេសហុងគ្រី។
ECA បានបន្តថា កម្មវិធីអត្ថប្រយោជន៍ក្លិប បានផ្តល់សំណងជាប្រវត្តិសាស្រ្ត ដល់ក្លិបទាំងអស់បានដោះលែងកីឡាករសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកបុរស និងជាសមិទ្ធិផលសំខាន់នៃ MoU ពីមុន ឥឡូវនេះនឹងកើនឡើងពី ២០៩ លានដុល្លារអាមេរិកសម្រាប់ការប្រកួតចុងក្រោយរបស់ FIFA World Cup ឆ្នាំ ២០១៨ និង២០២២ ដល់ទៅ ៣៥៥ លានដុល្លារសម្រាប់ការប្រកួតឆ្នាំ ២០២៦ និង២០៣០ ។
វាបានបន្ថែមថា កិច្ចព្រមព្រៀងរយៈពេលវែងនឹងអាចឲ្យ ECA និង FIFA កសាងលើកិច្ចសហការជិតស្និទ្ធរបស់ពួកគេ ដែលមានតាំងពីកំណើតនៃ ECA ១៥ ឆ្នាំមុន ឥឡូវនេះជាមួយនឹងអាណត្តិថ្មីរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០៣០៕
ដោយ៖លី ភីលីព