កីឡា

FIFA ដកសិទ្ធិឥណ្ឌូណេស៊ី មិនឲ្យធ្វើម្ចាស់ផ្ទះ U-20 World Cup ដោយសារបដិសេធអ៊ីស្រាអែល

ក្រុងគូឡាឡាំពួ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា FIFA បានប្រកាសដកសិទ្ធិប្រទេសឥណ្ឌូណេស៊ី មិនឲ្យធ្វើម្ចាស់ផ្ទះ FIFA U-20 World Cup 2023 បន្ទាប់ពីជំនួបថ្ងៃនេះ រវាងប្រធានរបស់ខ្លួន Gianni Infantino និងប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) លោក Erick Thohir។

ហេតុការណ៍នេះត្រូវបានគេយល់ថា ការសម្រេចចិត្តនេះ ដោយសារតែវិបត្តិដែលបានផ្ទុះឡើង បន្ទាប់ពីការបដិសេធ នៃការចូលរួមរបស់ក្រុមអ៊ីស្រាអែល ក្នុងការប្រកួតនេះ។ ម្ចាស់ផ្ទះថ្មីនឹងត្រូវបានប្រកាសឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដោយកាលបរិច្ឆេទ នៃការប្រកួតបច្ចុប្បន្ននៅមិនផ្លាស់ប្តូរ។

ការដាក់ទណ្ឌកម្ម ដែលមានសក្តានុពលប្រឆាំងនឹង PSSI ក៏អាចត្រូវបានសម្រេច នៅដំណាក់កាលក្រោយផងដែរ។ FIFA បាននិយាយថា ខ្លួនចង់គូសបញ្ជាក់ថា ទោះបីជាការសម្រេចចិត្តនេះក៏ដោយ ក៏ខ្លួននៅតែប្តេជ្ញាចិត្តក្នុងការជួយ PSSI យ៉ាងសកម្ម ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងដោយមានការគាំទ្រ ពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Joko Widodo ក្នុងដំណើរការផ្លាស់ប្តូរបាល់ទាត់ឥណ្ឌូនេស៊ី បន្ទាប់ពីសោកនាដកម្មបានកើតឡើង កាលខែតុលា ឆ្នាំ២០២២។
សមាជិកនៃក្រុម FIFA នឹងបន្តមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ី ក្នុងប៉ុន្មានខែខាងមុខនេះ ហើយនឹងផ្តល់ជំនួយ ដែលត្រូវការដល់ PSSI ក្រោមការដឹកនាំរបស់លោក Erick ៕ ដោយ៖លី ភីលីព

Most Popular

To Top