ភ្នំពេញ៖ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ក្រុមជម្រើសជាតិកីឡាបាល់ទឹកសិង្ហបុរី និងក្រុមជម្រើសជាតិកីឡាបាល់ទឹកកម្ពុជា បានធ្វើការប្រកួតជាមិត្តភាពពអន្តរជាតិ ដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយគ្នាអស់ រយៈពេលជាយូរមកហើយ មុនព្រឹតិ្តការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនាខែឧសភាព។

ក្នុងឱកាសប្រកួតមិត្តភាពដោយ មានការអញ្ជើញជាអធិបតីពីសំណាក់ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក គណៈប្រតិភូ សិង្ហបុរី និងគណៈប្រតិភូ ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រូបង្វឹក កីឡាករ-កីឡាការិនី សិស្សនិស្សិត នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការប្រកួតនេះរៀបចំឡើងដោយ សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងគោលបំណងដើម្បីឲ្យ កីឡាករបាល់ទឹកកម្ពុជា អាចដកស្រង់បទពិសោធន៍ ក៏ដូចជាផ្ដល់លទ្ធភាពឱ្យពួកគាត់ បានសាកល្បងបច្ចេកទេស និងវាស់ស្ទង់កម្រិតសមត្ថភាពរបស់ខ្លួន បន្ទាប់ពីបានហ្វឹកហាត់ជាមួយ គ្នារយៈពេលជាយូរមកហើយ និងជាឱកាសមួយសម្រាប់កម្ពុជា អាចពង្រឹងសមត្ថភាព កីឡាករ និងគ្រូបង្វឹករបស់ខ្លួនដើម្បីត្រៀមចូលរួម ការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣នេះ។

ក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា បានហ្វឹកហាត់ជាមួយក្រុម ជម្រើសជាតិបាល់ទឹកសិង្ហបុរី អស់រយៈពេលជាយូរមកហើយ ប៉ុន្តែមិនទាន់មានឱកាសក្នុងការវាស់ស្ទង់ សមត្ថភាពបច្ចេកទេសនៅឡើយ។ ការចូលរួមប្រកួតរវាងក្រុមជម្រើសជាតិទាំង២ ថ្ងៃនេះ គឺជាដកស្រង់បទពិសោធន៍ និងបំពេញបន្ថែមលក្ខណៈបច្ចេកទេសផ្សេងៗ ក៏ដូចជាផ្ដល់ឱកាសឲ្យកីឡាករកម្ពុជាបានវាស់ស្ទង់ សមត្ថភាពជាក់ស្តែងរបស់ខ្លួនផងដែរ។

ជាលទ្ធផលនៃការប្រកួតក្រុម ជម្រើសជាតិបាល់ទឹកសិង្ហបុរី បាននាំមុខក្រុមជម្រើសជាតិបាល់ទឹកកម្ពុជា ១៥ទល់នឹង៩ ក្រោមឧបត្ថម្ភពីក្រុមហ៊ុន Prince ទើបធ្វើឲ្យមានការប្រកួតឡើង ។ ក្រោយពីចប់ចូលឆ្នាំខ្មែរ ក្រុមជម្រើសជាតិកីឡាបាល់ទឹកសិង្ហបុរី នឹងមកធ្វើការប្រកួតមិត្តភាពម្តងទៀត ជាមួយក្រុមជម្រើសជាតិកីឡាបាល់ទឹកកម្ពុជា ព្រមទំាងស្នាក់នៅទីនេះ ៕




