កីឡា

លោក វង សូត នៅតែបន្តដឹក នាំគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ដដែលអាណត្តិទី៥ ឆ្នាំ២០២២ដល់២០២៦

ភ្នំពេញ ៖ លោក វង សូត រដ្ឋមន្តី្រក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅតែបន្តដឹកនាំគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បន្ទាប់ពីសមាជិកចាស់ និង ថ្មី ព្រមទំាងអ្នកខេត្ត មន្ទីរ តំណាងអាណព្យាបាល និងកីឡាករ-កីឡាការិនី ស្ប៉េស្យាល់ អូឡាំពិកបានបោះឆ្នោត ជ្រើសរើសលោកជាប្រធាន នៅក្នុងមហាសន្តិបាត គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ ឆ្នាំ២០២២ដល់២០២៦ ។

មហាសន្តិបាតគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជាបញ្ចប់អាណត្តិទី៤ និងបន្តអាណត្តិទី៥ឆ្នាំ២០២២ដល់២០២៦ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជានៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ។

អាណត្តិទី៥ឆ្នាំ២០២២ដល់២០២៦មានសមាជិកប្រតិបតិ្តចំនួន១៥ រូបរួមមាន ៖ លោក វង សូត ជាប្រធាន លោក សែម សុខា លោក មាស សារិន អនុប្រធានអចិន្រៃ្ទយ៍ លោក ហឿន សុផុង អនុប្រធាន លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ លោក សាន់ រតនា អគ្គលេខាធិការរង លោក សើ ណារីត អគ្គលេខាធិការ លោក ចាប រតនា អគ្គហេរញ្ញិក លោក ឯម ហៀង លោក ងិន សុខគ្រវ៉ារ លោក មាស សារ៉េត លោក អ៊ុង សារ៉ាន់ លោក សឺន សុផារិទ្ធ លោកស្រី ផេង វ៉ាវី និងលោកស្រី អមរា ។

លោក សែម សុខា បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ដល់ការពង្រឹងពង្រីកចលនាកីឡាជនបញ្ញាខ្សោយ នៅតាមបណ្តាខេត្តនានា ។ ក្រៅពីនេះ យើងបាន សហការជាមួយអង្គការ សមាគមនានា ដែលបានគ្រប់គ្រងជនពិការ ខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់បានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាព ។

ការវិវឌ្ឍនៅមានកម្រិត ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភគាំទ្រទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា បានជួយជំរុញ លើកទឹកចិត្ត និងជួយឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិក និងប្រាក់រង្វាន់លើក ទឹកចិត្ត ដល់អត្តពលិក គ្រូបង្វឹក គ្រូបង្វឹកជំនួយ ដោយមានចែងក្នុងអនុក្រឹត្យ ស្តីពីការផ្តល់ប្រាក់រង្វាន់ ចំពោះជ័យលាភី ជនពិការក្នុងការប្រកួតប្រជែងមុខជំនាញ ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ ។

លោកអនុប្រធានបន្តថា បច្ចុប្បន្ន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងស្តារនិងអភិវឌ្ឍ មាតុប្រទេស ពិសេសការរក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ដែលជាឱកាសសម្រាប់ លើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា ការផ្តល់នូវដីសម្បទានសង្គមកិច្ច និងការស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាព។ ដោយឡែក អ្នកបច្ចេកទេស អវយវៈសិប្បនិម្មិតនិងរណប គឺមានតួនាទីចាំបាច់បំផុត ក្នុងការផលិតឧបករណ៍អវយវៈសិប្បនិម្មិតនិងរណប នៅតាមមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា ។

ម៉្យាងវិញទៀត តាមរយៈក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតនូវផែនការ យុទ្ធសាស្រ្ត៥ឆ្នាំរបស់ក្រសួង ដោយបានចាត់បញ្ចូលសុខុមាលភាព និងការស្តារលទ្ធភាពពលកម្ម ជាអាទិភាពមួយក្នុងចំណោម ចំនុចអាទិភាពទាំង៧របស់ក្រសួង។ ហើយចំណុច អាទិភាពនេះ កំពុងតែអនុវត្តដោយសេនាធិការ របស់ក្រសួងគឺមូលនិធិជនពិការ និងនាយកដ្ឋានសុខុមាលភាព ជនពិការ ។
ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមបង្ហាញនូវការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល លើវិស័យពិការភាព ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋយ៉ាងច្រើន ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនពិការ និងក្រុមគ្រួសាររបស់ពួកគេ ទទួលបាននូវគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និង សេវាសាធារណៈ ប្រកបដោយគុណភាព រួមទាំងជំរុញអោយជនមានពិការភាព បានចូលរួមគ្រប់សកម្មភាពក្នុងសង្គម ទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោត ការទទួលបានការគោរព សិទ្ធិនិងសេចក្ដីថ្លៃថ្នូរ ព្រមទាំងការគិតគូរដាក់បញ្ចូលពិការភាព ក្នុងគ្រប់វិស័យ តាមរយៈការកែសម្រួល និងរៀបចំលិខិតបទដ្ឋានគតិយុត្ត ការចុះផ្សព្វផ្សាយការយល់ ដឹងអំពីវិស័យពិការភាពទៅគ្រប់ក្រសួងស្ថាប័នរដ្ឋ ទាំងថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ប្រកបដោយចេរភាពសម្រាប់ជនពិការនៅប្រទេសកម្ពុជា៕

Most Popular

To Top