ខេត្តកណ្តាល ៖ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាល ខេត្តកណ្ដាល បានចាត់ទុក នៃព្រឹត្តិការណ៍ការប្រកួត កីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣នេះជាឱកាសមួយសម្រាប់កីឡាករ និងគ្រូបង្វឹក បន្តកសាងសមត្ថភាព បច្ចេកទេស ទេពកោសល្យ និង ជំនាញវិជ្ជាជីវៈរបស់ខ្លួន ។
លោកអភិបាលខេត្កបានបន្តថា ព្រឹត្តិការណ៍កីឡានេះក៏បានរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបាន សុខដុមនីយកម្មក្នុងសង្គមជាតិ ស្របពេលប្រទេសកម្ពុជា យើង ត្រៀមឆ្ពោះទៅកាន់ព្រឹត្តិការណ៍ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលទង់ជាតិកម្ពុជា នឹងអណ្តែតឡើង ប្រកបដោយមោទកភាព ក្នុងនាមជាប្រជាជាតិ មានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយក្នុងសកលលោក នៅសល់តែ២៥ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA Games និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ជាការប្រកួតកម្រិតអន្តរជាតិដ៏ធំ នៅកម្ពុជា ហើយនេះគឺជាកិត្តិយស ជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យកីឡា ដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ ។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ក្រុម ដែលដណ្តើមបានពានរង្វាន់ថ្ងៃនេះ ត្រូវតែបន្ថែមការហ្វឹកហាត់ទៀត ដើម្បីបង្កើនសមត្ថភាពខ្លួន ឲ្យកាន់តែល្អថែមទៀត ដោយឡែកក្រុម ដែលមិនទទួលបានជ័យលាភី ក៏សូមកុំអស់សង្ឃឹម ត្រូវគិតថាបច្ចេកទេសយើង មិនទាន់ដល់កម្រិត ទើបយើងមិនទទួលបានជ័យលាភី ហេតុនេះពេលត្រឡប់ទៅវិញ ត្រូវខិតខំហ្វឹកហាត់បន្ថែម ដើម្បីមកចូលរួមប្រកួតនៅឱកាសក្រោយទៀត និងយកជ័យជំនះឲ្យទាល់តែបាន ។
នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលលើកទី២ ឆ្នាំ២០២៣ ក្នុងឆ្នាំនេះមានក្រុមបាល់ទាត់ ចំនួន១៩ក្រុម ចូលរួមប្រកួតអស់រយ:ពេល ៣៤ថ្ងៃ និងបានឈានមកការប្រកួតដណ្ដើម យកចំណាត់ថ្នាក់ជ័យលាភីនាថ្ងៃនេះ រវាងក្រុមក្រុមកីឡាបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល និង ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ស្រុកពញាឮ ។
ជាលទ្ធផល ម្ចាស់ជ័យលាភី បានទៅលើក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រុមកីឡាបាល់ទាត់ ស.ស.យ.ក ស្រុកពញាឮទទួល បានចំណាត់ថ្នាក់លេខ២ ក្រុមបាល់ទាត់ស្រុកមុខកំពូល ទទួលបានចំណាត់ថ្នាក់លេខ៣ និងក្រុមបាល់ទាត់ស្រុកល្វាឯម ទទួលបានចំណាត់ថ្នាក់លេខ៤ ៕