អាហ្សង់ទីន ៖ FIFA បាននិយាយកាលពីម្សិលមិញថា ប្រទេសអាហ្សង់ទីននឹងធ្វើជាម្ចាស់ផ្ទះ ការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ២០ ឆ្នាំចាប់ពីថ្ងៃទី ២០ ខែឧសភាដល់ថ្ងៃទី ១១ ខែមិថុនា បន្ទាប់ពីទទួលយកការប្រកួត ពីប្រទេសឥណ្ឌូនេស៊ី ប៉ុន្មានសប្តាហ៍មុនពេលចាប់ផ្តើម យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស ។
ប្រធាន FIFA លោក Gianni Infantino បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា FIFA មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថា ការប្រកួត FIFA U-20 World Cup នៅឆ្នាំនេះ នឹងប្រព្រឹត្តទៅនៅប្រទេស អាហ្សង់ទីន ខណៈផ្ទះរបស់ម្ចាស់ជើង ឯកពិភពលោក បើកទ្វារស្វាគមន៍ តារាបាល់ទាត់ ពិភពលោកនៅថ្ងៃស្អែក ។
FIFA បានដកសិទ្ធិធ្វើជាម្ចាស់ផ្ទះពីប្រទេសឥណ្ឌូនេស៊ីកាលពីខែមុន បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងការចូលរួមក្នុងការប្រកួតរបស់អ៊ីស្រាអែល។ ឥណ្ឌូណេស៊ី និង អ៊ីស្រាអែល មិនមានទំនាក់ទំនងការទូតជាផ្លូវការទេ ហើយការគាំទ្រ សម្រាប់បុព្វហេតុប៉ាឡេស្ទីន ក្នុងប្រទេស ដោយមានប្រជាជនមូស្លីម ភាគច្រើនបំផុត នៅលើពិភពលោក មានការកើនឡើងខ្ពស់ ។
អាហ្សង់ទីនបានដាក់ខ្លួន ជាម្ចាស់ផ្ទះជំនួស ហើយ FIFA បានធ្វើការត្រួតពិនិត្យទីតាំងនៅនឹងកន្លែងកាលពីសប្តាហ៍មុន។ ការចាប់ឆ្នោតនឹង ប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមេសា នៅទីក្រុង Zurich ។ ប៉ុន្មានម៉ោងមុនការប្រកាសរបស់ FIFA កាលពីម្សិលមិញ រដ្ឋាភិបាលអាហ្សង់ទីន បានសម្តែងការគាំទ្រយ៉ាង ពេញទំហឹងចំពោះការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ ដោយសមាគមបាល់ទាត់អាហ្សង់ទីន ។
នេះបើទោះបីជាប្រទេសនេះ ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងបំណុលរាប់សិបពាន់លានដុល្លាររបស់ IMF និងអតិផរណាពីមួយឆ្នាំទៅមួយ ឆ្នាំលើសពី ១០០ភាគរយក៏ដោយ ។ ម្ចាស់ជើងឯកពិភពលោកអាហ្សង់ទីន បានឈ្នះការប្រកួតបាល់ទាត់ពិភពលោក អាយុក្រោម ២០ ឆ្នាំច្រើនជាងគេដោយសរុបចំនួន ៦ មកហើយ៕