កីឡា

គ្រូបង្វឹកវៀតណាម មានទំនុកចិត្ត ឈ្នះមេដាយមាស ប្រភេទកីឡាបាល់ទាត់បុរស SEA Games 32 នៅកម្ពុជា

វៀតណាម ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រវៀតណាម បានប្រាប់ឲ្យដឹងថា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ វៀតណាម U22 លោក Philippe Troussier មានទំនុកចិត្តលើការត្រៀមខ្លួន របស់វៀតណាម ក្នុងការដណ្តើមបានមេដាយមាស កីឡាបាល់ទាត់បុរស សម្រាប់ព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA Games 32 នៅប្រទេសកម្ពុជា នាខែក្រោយនេះ ។

លោក Troussier និងក្រុមកំពុងហ្វឹកហាត់នៅឆ្នេរសមុទ្រ Ba Ria ភាគខាងត្បូងខេត្ត Vung Tau ព្រោះវាមានអាកាសធាតុស្រដៀងនឹងប្រទេសកម្ពុជា។ គ្រូបង្វឹកជនជាតិបារាំងបានសម្តែងការពេញចិត្តចំពោះកីឡាករ U22 វៀតណាមជាង ៨០ ភាគរយទទួលបានម៉ោងប្រកួតក្នុងក្របខណ្ឌ V. League ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ព្រឹត្តិការណ៍ SEA Games 32 វៀតណាមស្ថិតក្នុងពូល B ហើយត្រូវជួបឡាវថ្ងៃទី៣០ ខែមេសា សិង្ហបុរីថ្ងៃទី៣ ឧសភា ម៉ាឡេស៊ីថ្ងៃទី៨ ឧសភា និងថៃថ្ងៃទី១១ ឧសភា ។ លោក Troussier បានបន្តថា ទាំងអស់ គឺជាគូប្រកួតដែលធ្លាប់ស្គាល់ ហើយពួកគេទាំងអស់សុទ្ធតែមានមហិច្ឆតា ដូច្នេះគ្មានការប្រកួតណា មួយនឹងងាយស្រួលនោះទេ ។

ថៃជាក្រុមដែលមានទម្រង់លេងល្អបំផុត ប៉ុន្តែគោលដៅរបស់យើង ដើម្បីការពារមេដាយមាស ដែលយើងឈ្នះកាល SEA Games 31 លើកមុន។ លោក Troussier បានចូលដឹកនាំក្រុមកាលពីខែកុម្ភៈ បន្ទាប់ពីកិច្ចសន្យារបស់គ្រូបង្វឹក Park Hang-seo បានផុតកំណត់។ ការប្រកួតដំបូងរបស់លោក គឺ Doha Cup 2023 នៅប្រទេសកាតា នៅចុងខែមីនា វៀតណាមបានចាញ់ទាំង ៣ ប្រកួតជាមួយអ៊ីរ៉ាក់ អារ៉ាប់រួម និងកៀហ្ស៊ីស៊ីស្ថាន ។

លោក Troussier បានរក្សាទម្រង់លេង ដូចអ្នកកាន់តំណែងមុនរបស់លោក ប៉ុន្តែបានផ្តោតលើការគ្រប់គ្រង និងការវាយប្រហារបន្ថែមទៀត ដោយការបញ្ជូនបាល់ខ្លីៗ ចំណែកក្រុមបច្ចុប្បន្នជួបបញ្ហាមិនល្អ។ Troussier បានបន្ថែមថា ក្នុងរយៈពេល ៤ សប្តាហ៍នៃការហ្វឹកហាត់ និងការប្រកួតនៅទីក្រុងហាណូយ និងដូហា កីឡាករវ័យក្មេងរបស់វៀតណាម បានប្រឈមមុខនឹងក្រុមកំពូលៗនៅអាស៊ី បង្ហាញពួកគេនូវកម្រិត ដែលពួកគេត្រូវការដើម្បីឈានទៅដល់ ។

Troussier បានអះអាងថា ប្រសិនបើអ្នកគ្រាន់តែលេងជាមួយក្រុមក្នុងស្រុក អ្នកមិនអាចមានបទពិសោធន៍ល្អនោះទេ ។ បន្ទាប់ពីការប្រកួតនៅទីក្រុងដូហា កីឡាករទទួលបានទំនុកចិត្តច្រើន នៅពេល ពួកគេឡើងទៅលើគូប្រជែងក្នុងតំបន់ ដោយស្មើភាពខ្លាំង កីឡាកររបស់ខ្ញុំនឹងធ្វើបានល្អ៕

Most Popular

To Top