កីឡា

លោកប៊ូ ជុំសេរី ៖​​ អ្នកដឹកនាំក្រុម គ្រូបង្វឹក អត្តពលិកត្រូវបានជំរុញឲ្យ គោរពឲ្យបាននូវ សេចក្តីថ្លៃថ្នូជាតិ ដែលតំណាងឲ្យប្រជាជន ១៦លាននាក់


ភ្នំពេញ៖ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ អ្នកដឹកនាំក្រុម គ្រូបង្វឹក អត្តពលិកគ្រប់ប្រភេទកីឡា ដែលត្រៀមធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាជំរុញឲ្យគោរពឲ្យបាននូវវិស័យ ក្រមសីលធម៌វិជ្ជាជីវៈកីឡា សេចក្តីថ្លៃថ្នូឲ្យស័ក្តិសមជាក្រុមជម្រើសជាតិ តំណាងឲ្យប្រជាជនជាង ១៦លាននាក់ ដើម្បីលើកស្ទួយកិត្តិយជាតិ ក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា។

នេះជាការលើកឡើងរបស់លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងក្នុងឱកាសបិទសិក្ខាសាលាស្តីពីវិន័យ ក្រមសីលធម៌ដល់អ្នកដឹកនាំក្រុម គ្រូបង្វឹកក្រុមជម្រើសជាតិ កាលពីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ប៊ូ ជុំសេរី បានវាយតម្លៃខ្ពស់ចំពោះការរៀបចំវគ្គបំប៉ន និងការចូលរួមក្រេបជញ្ជក់ចំណេះដឹងរបស់សិក្ខាកាមទាំងអស់ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

ឯកឧត្តមបានកោតសរសើរ ចំពោះមជ្ឈមណ្ឌលជាតិហ្វីហ្វឺនកីឡា នៃអគ្គនាយកដ្ឋានកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជានិច្ចជាកាលបានសហការ គ្នាល្អរៀបចំវគ្គដ៏មានសារៈសំខាន់នេះ។

អនុរដ្ឋលេខាធិការរូបនេះ ក៏បានកោតសរសើរចំពោះ ការប្រឹងប្រែងរបស់អ្នកដឹកនាំ គ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាត់ និងហ្វឹកហាត់អស់ កន្លងមក ហើយមានលទ្ធផលប្រែប្រួលជាវិជ្ជាមាន ជាច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។

លទ្ធផលខាងលើនេះ ក៏បានឆ្លុះបញ្ចាំងពីឆន្នៈ មោះមុតរបស់មន្ត្រីគ្រប់គ្រង ក៏ដូចជា គ្របង្វឹក កីឡាករ កីឡាការិនី ហើយក៏បង្ហាញពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញអនុក្រឹត្យ ស្តីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹក ក្នុងការប្រកួតកីឡាជាលក្ខណៈអន្តរជាតិ ហើយថ្មីៗនេះសម្តេចតេជោ បានប្រកាសតឡើងប្រាក់ឧបត្ថម្ភគុណនឹងពីរដង និងប្រាក់បំប៉នប្រចាំថ្ងៃឡើងដល់សរុប ១.៣០០.០០០រៀល ក្នុងម្នាក់ៗ ក្នុង១ខែៗ។

លោក ប៊ូ ជុំសេរី ជឿជាក់ថា ឆ្លងកាត់វគ្គសិក្សាដ៏មានសារៈសំខាន់ នាពេលនេះនឹងជំរុញឲ្យអ្នកដឹកនាំក្រុម គ្រូបង្វឹកបានយល់ដឹងកាន់តែច្បាស់ ពីគោលបំណងនៃវិន័យ និងក្រមសីលធម៌របស់ក្រុមជម្រើសជាតិ ក្នុងការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ ដែលជាឱកាសដ៏ថ្លៃថ្លា សម្រាប់ប្រជាជាតិនីមួយៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទាំងមូលបញ្ចេញសមត្ថភាព ទេពកោសល្យ ផ្លាស់ប្តូរវប្បធម៌ បទពិសោធន៍ពីគ្នាទៅវិញទៅមក។

បន្ថែមពីលើនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ ឯកឧត្តមបានស្នើសុំដល់អ្នកដឹកនាំក្រុម គ្រូបង្វឹកលើគ្រប់ប្រភេទកីឡាទាំងអស់ បន្តការណែនាំដល់កីឡាករ កីឡាការិនីជម្រើសជាតិឲ្យគោរពឲ្យបាននូវវិន័យ ក្រមសីលធម៌ និងការប្រកួតឲ្យទទួលបានលទ្ឋផលល្អប្រសើរ ក្នុងការប្រកួតគោរព ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជ បច្ចេកទេស គោលការណ៍លេងដោយយុត្តិធម៌ (Fair Play) និងក្រមសីលធម៌កីឡា ជាពិសេសគឺជៀសឲ្យឆ្ងាយគ្រឿងស្រវឹង និងមិនបើប្រាស់សារធាតុលើកកម្លាំង (ដូប៉ា) ហើយធ្វើយ៉ាងណារក្សាឱ្យបាននូវភាពថ្លៃថ្នូរ ក្នុងការចូលរួមលើកស្ទួយកិត្តិយជាតិផងដែរ។

លោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបានគូសបញ្ជាក់ថា វគ្គបណ្តុបណ្តាលនេះមាន សិក្ខាកាម ដែលជាអ្នកដឹកនាំក្រុម គ្រូបង្វឹក គ្រូជំនួយចូលរួមសរុប ១៣០នាក់ លើ៤២ប្រភេទកីឡា។

ចំពោះប្រតិភូកីឡាកម្ពុជា ដែលត្រៀមចូលរួមប្រកួតស៊ីហ្គេម ២០២៣ មានចំនួនសរុប ១២០២នាក់ ក្នុងនោះកីឡាករ ៥៥៨នាក់ កីឡាការិនី ៣៣៦នាក់ គ្រូបង្វឹក ១៩៩នាក់ អ្នកដឹកនាំក្រុម ៣៦នាក់ និងថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាល ៦៧នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top