កីឡា

បិទការប្រកួត បាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នៅទីរួមខេត្តកំពង់ធំ

កំពុងធំ៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ កន្លងទៅនេះ អង្គការផ្កាយសមុទ្រ (ISF) និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌាបានទទួលស្វាគមន៍វត្តមាន ក្រុមកីឡាករ-កីឡាការិនីបាល់ទាត់កុមារ និងយុវជនសរុបចំនួន ១៩២នាក់ ចូលរួមពិធីបិទជាផ្លូវការនៃព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៣ នៅទីលានបាល់ទាត់ហ្វុតសាលក្លឹបអាចារ្យលាក់ ទីរួមខេត្តកំពង់ធំ ដែលជាការប្រកួតប្រចាំឆ្នាំរបស់អង្គការផ្កាយសមុទ្រ។

ក្រុមបាល់ទាត់ចំនួន ១៦ក្រុម ទៅតាមប្រភេទអាយុដូចជា៖ ក្រុមកុមារាអាយុក្រោម ១០ឆ្នាំ ក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ ក្រុមកុមារាអាយុក្រោម ១៤ឆ្នាំ និងក្រុមកុមារីអាយុក្រោម ១៨ឆ្នាំ នឹងមកប្រមូលផ្តុំគ្នាប្រកួតប្រជែង យកជើងឯកលេខមួយប្រចាំខេត្តកំពង់ធំ ដើម្បីបានទៅប្រកួត ក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១១ ខែមិថុនាខាងមុខ នៅកីឡាដ្ឋាន AIA Stadium, KMH Park ក្នុងរាជធានីភ្នំពេញ ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League គឺជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋាន ដ៏ធំបង្អស់មួយក្នុងប្រទេសកម្ពុជា ដែលមានគោលដៅផ្តល់ឱកាសស្មើគ្នា ក្នុងការប្រកួតប្រជែងកីឡាទៅដល់កុមារ និងយុវជនរងផលប៉ះពាល់ដោយសារភាពក្រីក្រ ការរើសអើងយេនឌ័រ និងផ្នត់សង្គមមិនសមហេតុផលជាដើម ។

តាំងពីចាប់ផ្តើមសហការជាមួយនឹង ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា ចាប់ពីឆ្នាំ២០១៧មក អង្គការផ្កាយសមុទ្របានបន្ត ពង្រីកវិសាលភាពនៃព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF  Youth League នេះឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣នេះ បន្ទាប់ពីបើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF  Youth League ក្នុងរាជធានីភ្នំពេញ ស្ថាប័នទាំងពីរបានរួមគ្នារៀបចំព្រឹត្តិការណ៍ ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនដ៏ធំនេះ ក្នុងទីរួមខេត្តកំពង់ធំ ជាលើកដំបូង ។

ដោយការប្រកួតនេះបានផ្តល់ឱកាស និងលើកទឹកចិត្តដល់កុមារ និងយុវជន ៣៦០នាក់ ឲ្យមកចូលរួមប្រកួតប្រជែង បញ្ចេញសមត្ថភាពរៀងៗខ្លួន ទទួលបានភាពសប្បាយរីករាយ ជាពិសេសបង្ហាញពីទឹកចិត្តស្រលាញ់គាំទ្រ កីឡាក្នុងការប្រកួតវិលជុំ ដែលប្រព្រឹត្តទៅ រយៈពេលប្រាំបីសប្តាហ៍ជាប់ៗគ្នា ។

 កីឡាការនីម្នាក់លេងឲ្យក្រុមកុមារីអាយុក្រោម ១៤ឆ្នាំ ឈ្មោះស្រីលក្ខ* បានបង្ហាញពីអារម្មណ៍រំភើបរីករាយ ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League នេះថា៖ “ខ្ញុំចូលចិត្តលេងបាល់ទាត់ខ្លាំងណាស់ ព្រោះវាជួយឲ្យខ្ញុំមានសុខភាពល្អ រៀនសូត្រពីការធ្វើការជាក្រុម និងជួយឲ្យពួកយើងយល់ពីគ្នាកាន់តែច្រើន ។

កម្មវិធីប្រកួតបាល់ទាត់នេះ ជម្រុញទឹកចិត្តដល់ក្រុមរបស់ខ្ញុំ ឲ្យរួមគ្នាដើម្បីសម្រេចគោលដៅរបស់ខ្លួនុំ។

” រដ្ឋា* ជាកីឡាករក្រុមកុមារាអាយុក្រោម ១០ឆ្នាំ ក៏បានសំដែងចំណាប់អារម្មណ៍ស្រដៀងគ្នាថា៖ “ក្រុមរបស់ខ្ញុំខិតខំហ្វឹកហាត់យ៉ាងខ្លាំង សម្រាប់ការប្រកួតវិលជុំនេះ ។

ខ្ញុំសង្ឃឹមថាពួកយើងនឹងបាន ជាប់ទៅលេងវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ បន្តទៀត ។”​​ ដោយ៖លី ភីលីព

Most Popular

To Top