សៀមរាប ៖ គូបង្វឹកកីឡាវាយកូនបាល់ ខេត្តសៀមរាបមួយរូប បានចាត់ទុកកម្មវិធីបោះជំរុំ ហ្វឹកហាត់របស់ក្រុមជម្រើសជាតិ វាយកូនបាល់នៅទឹកដី ខេត្តសៀមរាប ត្រៀមស៊ីហ្គេម គឺជាគំរូដ៏ល្អ ដែលជួយឲ្យយុវជនដើរតាមគន្លោង ។

លោក ដាន់ រ៉ាន់ គ្រូបង្វឹកក្លិបកីឡាវាយកូនបាល់ខេត្តសៀមរាប ដែលដឹកនាំសិស្ស មកចូលទស្សនា មើលការបោះជំរុំហ្វឹកហាត់ របស់ក្រុមជម្រើសជាតិ កីឡាវាយកូនបាល់ត្រៀម ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលធ្វើឡើង រយៈពេល៤ថ្ងៃ នៅក្នុងសណ្ឋាគារ RAFFLES GRAND ANGKOR HOTEL ក្រុងសៀមរាប ខេត្តសៀមរាប បានចាត់ការបោះជំរុំនេះ គឺជាសកម្មភាពគំរូដ៏ល្អមួយ សម្រាប់យុវជននៅក្នុងក្លិបខេត្តសៀមរាប យកគំរូ និងដើរតាមគន្លោង ដើម្បីបោះជំហ៊ានក្លាយ ជាកីឡាករកីឡាការិនី វាយកូនបាល់អាជីព នៅពេលអនាគត ។

គ្រូបង្វឹកក្លិបរូនេះ បានលើកឡើងថា ក្លិបកីឡាវាយកូនបាល់ នៅខេត្តសៀមរាប បានបង្កើតឡើងជិត១១ឆ្នាំ ហើយនេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានដឹកនាំក្រុមកីឡាករកីឡាការិនីជម្រើសជាតិ កីឡាវាយកូនបាល់ មកកាន់ខេត្តសៀមរាប ដើម្បីបោះជំរុំហ្វឹកហាត់ត្រៀម ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ លោក អះអាងថា វត្តមានមកដល់របស់កីឡាករ ជម្រើសជាតិពិត ជាធ្វើឲ្យកីឡាករកីឡា ការិនីក្លិប នៅខេត្តសៀមរាប មានភ្ញាក់ផ្អើល មែនទែន ដោយពួកគាត់ម្នាក់ៗ បានបង្ហាញនូវការស្រលាញ់ និងពេញចិត្តចំពោះទេពកោសល្យ និងបច្ចេកក្រុមជម្រើស ជាតិ ហើយបានយកក្រុមជម្រើសជាតិ ជានិមត្តរូបនៅក្នុងចិត្ត ដើម្បីលើកទឹកខ្លួនឯងក្នុងការហ្វឹកហាត់ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយ ជាកីឡាករកីឡាការិនីវាយកូន បាល់អាជីពនៅពេលថ្ងៃអនាគត។

សូមបញ្ជាក់ថា សម្រាប់សកម្មភាពបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាបរយៈ៤ថ្ងៃ របស់ក្រុមជម្រើសជាតិ កីឡាវាយកូបាល់ត្រៀមស៊ីហ្គេម នៅក្នុងសណ្ឋាគារ RAFFLES GRAND ANGKOR HOTEL បានអនុញ្ញាតឲ្យក្លិបវាយកូនបាល់សៀមរាប ដែលជាក្លិបមានមូលដ្ឋាននៅខេត្តសៀមរាប ចូលទស្សនា ដើម្បីឲ្យយុវជននៅក្នុងក្លិប ទទួលបានបទពិសោធន៍ និងមានក្តីស្រម៉ៃប្រឹងប្រែងហ្វឹកហាត់ អភិវឌ្ឍខ្លួនក្លាយជាកីឡាល្បី នៅពេលអនាគត៕


