ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី ជម្រើសជាតិកម្ពុជាចំនួន ៣ ប្រភេទ គឺ កីឡាហែលទឹក កីឡាវាយសី និងវាយកូនឃ្លីលើតុ បានមកវិលត្រឡប់ ពីការហ្វឹកហាត់ នៅប្រទេសចិន រយៈពេល ៧ ខែ ស្មើ២១០ថ្ងៃ ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងទិចនិច ក្នុងការត្រៀមចូលរួម នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

ក្នុងឱកាសទទួលស្វាគមន៍ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាចំនួន ៣ ប្រភេទដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សំ សុខយី អនុប្រធានតំណាងឲ្យលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការតំណាង លោកសេនីយ៍ឯកលី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងលោក ហែម ពន្លឺ តំណាងលោកហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរហែលទឹក។
នេះជាការវិលប្រឡប់ របស់ក្រុមអត្តពលិកកម្ពុជា ក្រោយបញ្ចប់បេសកកម្មហ្វឹកហាត់អស់រយៈពេលជាង ៧ ខែនៅប្រទេសចិនដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងទេពកោសល្យក្នុងការត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងASEAN PARA GAMES 2023 លើកទី១២ ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ទោ ជាម សុភា បានមានប្រសាសន៍ថា ថ្ងៃនេះ ក្រុមកីឡាករ-កីឡាការិនីរបស់បានប្រឡប់មកវិញហើយ ក្រោយពីធ្វើការហ្វឹកហាត់ នៅប្រទេសចិនអស់រយៈ៧ ខែដើម្បីព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ។ ក្រុមកីឡាករ-កីឡាការិនីវាយសី មានចំនួន ១៥ នាក់ក្នុងនោះកីឡាករ១១នាក់ និងកីឡាការិនី ៤ នាក់ត្រៀមខ្លួនការប្រកួតជាផ្លូវការប្រភេទកីឡាវាយសីនាថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

លោក ជាម សុភា បានបន្តថា ក្នុងនាមអគ្គលេខាធិការ លោកមានក្តីសង្ឃឹមច្រើន សម្រាប់ការប្រកួតកីឡាវាយសី នៃការប្រកួតកីឡា SEA GAMES 2023 ក្នុងការដណ្តើមយកមេដាយនោះគឺវិញ្ញាសាក្រុមចម្រុះបុរស-នារី ៕

