ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ចំនួន ៧ ប្រភេទកីឡាចំនួន ៧៧ នាក់ ដែលធ្វើការហ្វឹកហាត់ នៅប្រទេសចិន អស់រយៈពេល ៧ ខែដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងទិចនិច ក្នុងការត្រៀមចូលរួម នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៣នេះ បានវិលត្រឡប់វិញ ។

ក្នុងឱកាសទទួលស្វាគមន៍ ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាចំនួន ៧ ប្រភេទ កីឡាដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក សំ សុខយី អនុប្រធានតំណាងឲ្យលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោកឧត្ដមសេនីយ៍ឯក តែម ម៉ឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ជានាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានអញ្ជើញទទួលស្វាគមន៍ ដំណើរវិលត្រឡប់ មកកាន់មាតុប្រទេស ពីសំណាក់កីឡាករ-កីឡាការិនី ។
លោក សំ សុខយី បាននិយាយថា ក្រុមកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជាចំនួន ៧ ប្រភេទកីឡារួម មានក្រុមកីឡាកាយសម្ព័ន្ធ ក្រុមកីឡាលើកទម្ងន់ ក្រុមកីឡាវ៉ូស៊ូ កីឡាចំបាប់ ក្រុមកីឡាយូដូ ក្រុមបាល់បោះបុរស និងក្រុមបាល់ទះនារីសរុបចំនួន ៧៧ នាក់ ។ ការវិលត្រឡប់នេះ មុខព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងASEAN PARA GAMES 2023 លើកទី១២ ឆ្នាំ២០២៣ ។

លោកបានបន្តថា ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចំនួន ៧ ប្រភេទកីឡា ជាក្រុមចុងក្រោយ ក្នុងចំណោមក្រុម អត្តពលិកកម្ពុជា ដែលបានធ្វើការហ្វឹកហាត់ រយៈយូរនៅប្រទេសចិន ជាមិត្តដែកថែប ។ មិនត្រឹមតែក្រុមអត្តពលិកកម្ពុជាទេ គ្រូបង្វឹកជនជាតិចិន ច្រើនរូបក៏មកជាមួយ ក្រុមអត្តពលិកកម្ពុជាដែរ ដើម្បីបន្តការហ្វឹកហាត់សមត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ និងASEAN PARA GAMES 2023 លើកទី១២ ឆ្នាំ២០២៣ ៕


