ភ្នំពេញ៖ ប្រភេទកីឡាទ្រីយ៉ាត្លុង នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតជាស្ថាពរហើយ នៅល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្តកែបដោយម្ចាស់ផ្ទះកម្ពុជា ដណ្តើមបានមេដាយមាស ២ គ្រឿង និងឈរលេខ២លើកំពូលតារាងមេដាយ ក្នុងចំណោម៧ប្រទេសដែលបានចូលរួម។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានមានប្រសាសន៍ថា បន្ទាប់ពីដំណើរការប្រកួតយ៉ាងសកម្មអស់រយៈពេល៣ថ្ងៃ ប្រភេទកីឡាទ្រីយ៉ាត្លុងបានបញ្ចប់ដោយជោគជ័យលើវិញ្ញាសរុបចំនួន៣ ក្នុងនោះមេដាយមាស ២ គ្រឿង និងប្រាក់ ១ គ្រឿង ដោយម្ចាស់ផ្ទះកម្ពុជា ឈរលេខ ២ ។
ចំពោះចំណាត់ថ្នាក់លេខ១ គ្រប់គ្រងដោយប្រទេសហ្វីលីពីន មេដាយមាស ៣ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ១ គ្រឿង និងប្រទេសឥណ្ឌូនេស៊ី មេដាយមាស ១ គ្រឿង ប្រាក់ ២ គ្រឿង និងសំរិទ្ធ ៣ គ្រឿង។ ចំណែកប្រទេសវៀតណាម មេដាយមាស ១ គ្រឿង ប្រាក់ ១ គ្រឿង និងសំរិទ្ធ ១ គ្រឿង ប្រទេសថៃមេដាយប្រាក់ ២ គ្រឿង ប្រទេសសិង្ហបូរីសំរិទ្ធ ២ គ្រឿង។
បើយោងលើសន្ទស្សន៍មេដាយមាស របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានដាក់ចេញជាគោលដៅក្រោមការចង្អុលបង្ហាញ ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាម២០២៣ (CAMSOC) បានកំណត់នូវមេដាយមាស ១ គ្រឿង ប៉ុន្តែឆ្លងកាត់សមិទ្ធផលនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសម្រេចជាលទ្ធផលមេដាយមាស២ គ្រឿង និងប្រាក់ ១ គ្រឿង សម្រាប់ជាតិមាតុភូមិ ក្នុងនាមជាម្ចាស់ផ្ទះ SEA GAMES 2023 ជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាជាណាចក្រកម្ពុជា៕ ដោយ៖លី ភីលីព




